ព័ត៌មានជាតិ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ណែនាំពលរដ្ឋសង្ស័យឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្ដល់ប្រឹក្សា

ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ​ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋ បានប្រព្រឹត្ត ឬសង្ស័យប្រឈមនឹង ការឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សាការសម្ងាត់ នៅតាមសេវាសាធារណៈ។

តាមរយៈសារលិខិត នាឱកាសទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានណែនាំជនរួមជាតិ វិស័យឯកជន អង្គការជាតិ-អន្តរជាតិទាំងអស់ ចូលរួមជាកម្លាំងក្នុងចរន្តជាតិតែមួយ ទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ជាមួយនឹងការធ្វើឱ្យមានសមភាព នៅក្នុងសង្គមជាតិ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់ជនរួមជាតិ ជាពិសេសក្មួយៗ យុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្ដីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ ដើម្បីបង្ការខ្លួន, គ្រួសារ, សហគមន៍ និងសង្គមជាតិ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា «សូមប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹង ការឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល សេវាឯកជនជាដើម។ ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាល បន្តបានទាន់ពេលវេលា»។

សម្ដេច បន្ដថា ស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច ៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារក។ សម្ដេច ក៏បានណែនាំប្រជាពលរដ្ឋ បញ្ឈប់ការរើសអើងទៅលើ អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជា អំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

លើសពីនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានណែនាំដល់ប្រជាពលរដ្ឋ ក្នុងក្រុមប្រឈមខ្ពស់ រួមមាន៖ បុរសរួមភេទជាមួយបុរស, អ្នកបំប្លែងភេទ និងស្ត្រីបម្រើការ នៅគ្រឹះស្ថានសប្បាយមនុស្សពេញវ័យ ត្រូវបន្តការយកចិត្តទុកដាក់ ក្នុងការបង្ការជំងឺអេដស៍ និង ជំងឺឆ្លងផ្សេងៗទៀត ទាំងបច្ចុប្បន្ន និងអនាគត ៕

To Top