ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសេនានុព័ន្ធអង់គ្លេស ចូលជួបណែនាំខ្លួន និងពិភាក្សាការងារ

ភ្នំពេញ÷ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានទទួលជួប លោកវរសេនីយ៍ឯក JAMIE MURRAY សេនានុព័ន្ធនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅប្រទេសសិង្ហបុរី ដើម្បីណែនាំខ្លួន និងពិភាក្សាការងារ បន្ទាប់ពីបានចូលកាន់មុខតំណែង កាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្ត ចំពោះការតែងតាំង សេនានុព័ន្ធនៃចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជាជាលើកដំបូង ក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ  ដែលពិតជាបានឆ្លុះបញ្ចាំងអំពីឆន្ទៈ និងចក្ខុវិស័យរបស់ចក្រភពអង់គ្លេស ក្នុងការពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរ លើវិស័យការពារជាតិ។

ផ្ទាំងពាណិជ្ជកម្ម

ឆ្លៀតឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ដែលបានជួយឧបត្ថម្ភគាំទ្រកម្ពុជា ក្នុងដំណាក់កាលស្វែងរក សន្តិភាព នាទសវត្សរ៍ឆ្នាំ១៩៩០ និងបន្តរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, អប់រំ, ការបោសសម្អាតមីន និងការប្រយុទ្ធក្នុងជំងឺកូវីដ-១៩ ជាដើម។

ជាការឆ្លើយតប លោកសេនានុព័ន្ធអង់គ្លេស បានសម្តែងនូវក្តីរីករាយ ប្រកបដោយកិត្តិយស ដែលទទួលបានការតែងតាំង ឱ្យបំពេញការងារការទូត យោធា នៅកម្ពុជា ហើយលោកក៏បានបង្ហាញនូវក្តីសង្ឃឹមថា ជាមួយនឹងបទពិសោធន៍ការងារ ជាយូរឆ្នាំដែលលោកមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យបានជិតស្និទ្ធ និងមានចីរភាព ទៅមុខ។

To Top