ព័ត៌មានជាតិ

ជប៉ុន ផ្តល់ថវិកាជាង៥០ម៉ឺនដុល្លារ សម្រាប់កែលម្អបរិក្ខារ​ និងសាងសង់អគារមន្ទីរពេទ្យ នៅខេត្តចំនួន២

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាចំនួន ៥០៦,៥៩៥ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខា នាថ្ងៃទី៨ ធ្នូ ដោយ លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំងពីរ ដើម្បីអនុវត្តគម្រោង ដូចជា៖

១-គម្រោងទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិមិ្មត និងសាងសង់អគារស្នាក់ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ ក្នុងខេត្តតាកែវ (ថវិកាចំនួន ១៦២,៧១៥ ដុល្លារអាមេរិក)។

២-គម្រោងសាងសង់អគារផ្នែកសម្ភពនិងថែទាំទារកទើបនឹងកើត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្នុងខេត្តកំពង់ចាម (ថវិកាចំនួន ៣៤៣,៨៨០ ដុល្លារអាមេរិក)។

នាឱកាសនោះដែរ លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩១ បន្ថែមលើគម្រោងឥណទាន និងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុនបាន និងកំពុងអនុវត្តកម្មវិធីគូសាណូណិនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ គូសាណូណិ មានន័យថា “ឬសស្មៅ” ក្នុងភាសាជប៉ុន។

លោក បន្ដថា នៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងជាង៦៦០ នៅទូទាំងប្រទេសកម្ពុជា តាមរយៈជំនួយឥតសំណងគូសាណូណិ។ លោកថា «យើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន»។

លើសពីនេះ លោក ឧបទូត ក៏សង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា លោកក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួមទាំង “គូសាណូណិ” ផងដែរ៕

To Top