ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែរ នៅទ្វីបអឺរ៉ុប ប្រមាណ ២០០០នាក់

ភ្នំពេញ ៖ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប ប្រមាណជា ២០០០នាក់ ក្នុងឱកាសដែល សម្តេច អញ្ជើញចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប។

គួរបញ្ជាក់ថា នៅពេលនៃការអញ្ជើដល់សណ្ឋាគារស្នាក់នៅ នាទីក្រុងព្រុចសែល ប្រទេសបែលហ្សិក សម្ដេចតេជោ ហ៊ុន សែន ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរាក់ទាក់ជាទីបំផុត ពីសំណាក់ប្រជាពលរដ្ឋខ្មែរជាច្រើនមកពីបណ្ដាប្រទេសនានានៃតំបន់អឺរ៉ុប។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ អញ្ជើញមកកាន់តំបន់អឺរ៉ុបនេះ ដើម្បីចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដែលកិច្ចប្រជុំនិងធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នៅវេលាម៉ោងប្រមាណ ១០៖៣០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ (ម៉ោងនៅព្រុចសែល) ត្រូវនឹងម៉ោងប្រមាណ ៣៖៣០នាទីរសៀល (ម៉ោងនៅកម្ពុជា)៕

To Top