ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៃវិទ្យាល័យបវេល, វិទ្យាល័យល្វា, សាលាបឋមសិក្សាស្វាយព្រៃ ស្ថិតនៅក្នុងឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
នាឱកាសនោះ លោក លួត សាលី អភិបាលស្រុកបវេល បានធ្វើសេចក្តីរាយការណ៍ សង្ខេបស្ដីពីស្ថានភាពរួម និងការអភិវឌ្ឍន៍របស់ស្រុកបវេលថា ស្រុកបវេលមានផ្ទៃដីសរុប ៩២.៣០០ហិកតា មានឃុំចំនួន៩ មានភូមិចំនួន១០២ មានប្រជាជនរស់នៅសរុប ចំនួន២៧.៥៦២ គ្រួសារ មនុស្សសរុប១០៨.៤៦៤នាក់ ស្រី៥៤.៥៣៥ នាក់។
លោកអភិបាលស្រុក បន្ដថា ស្រុកបវេលមានសាលារៀនសរុបចំនួន ៨៩កន្លែង ក្នុងនោះមានវិទ្យាល័យចំនួន ២កន្លែង មានអគារសរុប ១៣ខ្នង ស្មើនឹង ៧៥បន្ទប់ មានបុគ្គលិកសរុបចំនួន១៣៥នាក់ មានសិស្សសរុបចំនួន៤.១៥៩នាក់ ស្រី២.៣៤៨នាក់ ស្មើនឹង៨៨ថ្នាក់, អនុវិទ្យាល័យចំនួន០៨កន្លែង មានអគារសរុប១៦ខ្នង ស្មើនឹង៧៧បន្ទប់ បុគ្គលិក៨៨នាក់ ស្រី៣១នាក់ និងសិស្ស៤.៨២៥នាក់ ស្រី២.៧៩៨នាក់ ស្មើនឹង៥៧ថ្នាក់ សាលាបឋមសិក្សាមានចំនួន ៧៨កន្លែង អគារសរុប១៤៧អគារ ស្មើនឹង៦០៣ បន្ទប់មានបុគ្គលិកអប់រំសរុប ៤៣៧នាក់ ស្រី២៤៤នាក់ និងគ្រូបង្រៀនជាប់កិច្ចសន្យាសរុប ១៣០នាក់ មានសិស្សសរុប ១៩.៧៩១នាក់ស្រី ៩.៧១០នាក់ ស្មើនឹង៦០៧ថ្នាក់ និងមានមត្តេយ្យដាច់ដោយឡែកចំនួន ១កន្លែង មានអគារ០១ខ្នង ស្មើនឹង០៣បន្ទប់ និងមានថ្នាក់រៀន០២ថ្នាក់ មានសិស្សសរុប៤៤នាក់ ស្រី២៣នាក់ និងមានមត្តេយ្យសិក្សា ក្នុងបឋមសិក្សាចំនួន៩៤ថ្នាក់ ស្មើនឹង៥៤សាលាគ្រូសរុប ៩៤នាក់ ស្រី៧៧នាក់ មានសិស្សសរុប ២,៥២៩នាក់ ស្រី១.២៧១នាក់ ៕