ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអបអរសាទរខួប៣០ឆ្នាំ នៃកាដាក់ប្រាសាទ អង្គ រវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ជាខួបលើកទី៣០ឆ្នាំ ដែលប្រាសាទអង្គរវត្ត ត្រូវបានអង្គការយូណេស្កូ ប្រកាសដាក់ចូលជា សម្បត្តិបេតិកភណ្ឌពិភពលោក។
យោងតាមបណ្តាញសង្គមហ្វេសប៊ុក របស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា អង្គរវត្ត ជាប្រាសាទមួយរបស់ព្រះរាជាណា ចក្រកម្ពុជាយើង ដែលត្រូវបានដាក់ចូលជា សម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ។

សម្តេចបញ្ជាក់ថា «ប្រាសាទ និងសិល្បៈរបស់យើងជាច្រើ នទៀតបានទទួលស្គាល់ ដោយអង្គការយូណេស្កូ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ដែលមានដូចជា ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក របាំព្រះរាជទ្រព្យ លោ្ខនខោល ជាដើម»។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ការបញ្ចូលជាសម្បត្តិបេតិភណ្ឌពិភពលោក រាល់កេរដំណែលរបស់យើង បានបង្ហាញឱ្យអន្តរជាតិ បានស្គាល់នូវវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ខ្មែរយើង ដែលមានតំាងពីអតីតកាលមក។ យើងមានមោទកភាពជាទីបំផុត ចំពោះបុព្វបុរសយើង ដែលបានបន្សល់ទុកនូវស្នាដៃ និងកេរដំណែលដ៏សម្បូរបែប ដល់កូនចៅជំនាន់ក្រោយនេះ។

សម្តេចក៏បានលើកឡើងទៀតថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្ធពិធីអបអរសាទរនេះ ឡើងដើម្បីរំឭកស្មារតីកូនខ្មែរគ្រប់រូប ឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌជាតិ។ ជាពិសេស គឺសម្តែងនូវការដឹងគុណ ដ៏ជ្រាលជ្រៅដល់ បុព្វបុរសខ្មែរយើង ដែលលោកបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ ដ៏រុងរឿងរបស់ខ្មែរ នាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់ របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ ឧបសគ្គទាំងឡាយ ការពារឱ្យបាននូវសម្បត្តិបេតិកភណ្ឌ ដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។
ជាមួយគ្នានោះដែរសម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏សូមបងប្អូនជនរួមជាតិបន្តចូលរួមថែរក្សា ការពារប្រាសាទបូរាណ វប្បធម៌សិល្បៈរបស់យើង ទំាងអស់ឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់តរៀងទៅ ៕
