ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបង្កើត គណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារ អធិការកិច្ចហត្ថពលកម្មបរទេស ដោយមានការអញ្ជើញ ចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ។
នាឱកាសនោះដែរ សម្ដេច ស ខេង បានកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចនានា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត បានខិតខំប្រឹងប្រែងចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនាពេលកន្លងមក សំដៅពង្រឹងការអនុវត្តច្បាប់ការងារ នៅព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះ សម្ដេច បានណែនាំអំពីរបៀបរបបធ្វើការងារ ក្នុងពេលបំពេញបេសកម្មការងារនេះ សម្តេចបានណែនាំដល់គណៈកម្មការអន្ដរក្រសួង ត្រូវជំរុញ និងត្រួតពិនិត្យការងារធ្វើអធិការកិច្ចហត្ថពលកម្មបរទេស គណៈបញ្ជាការដឹកនាំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រុមការងារបង្ក្រាបល្បែងស៊ីសង់ខុសច្បាប់ ត្រូវធ្វើយ៉ាងណាបំពេញការងារឱ្យមានប្រសិទ្ធិភាព។
សូមបញ្ជាក់ថា គណៈកម្មការអន្ដរក្រសួងនេះ មានសមាសភាពចំនួន ២១រូប ក្នុងនោះប្រធានចំនួន ១រូប ដឹកនាំដោយ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អនុប្រធាន ចំនួន ៦រូប និងសមាជិក ចំនួន ១៤រូប។
ជាងនេះទៅទៀត គណៈកម្មការអន្តរក្រសួងនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីដឹកនាំពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដើម្បីជំរុញការងារអធិការកិច្ចហត្ថពលកម្មបរទេស និងផ្សព្វផ្សាយគោលការណ៍ វិធានការពាក់ព័ន្ធនៅតាមសហគ្រាស គ្រឹះស្ថាន កាស៉ីណូ ក្លឹបកម្សាន្តនានា ដើម្បីគាំទ្រដល់ផែនការប្រតិបត្តិការបង្កើនការងារប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕