ព័ត៌មានជាតិ

ការពូនជ្រុំ និងលើកកម្ពស់ ទំនាក់ទំនងល្អ រវាងទីក្រុងភ្នំពេញ-ហូជីមិញ ក្លាយជាវឌ្ឍនភាពថ្មី ឈានទៅការអភិវឌ្ឍ

ភ្នំពេញ ៖ លោក ឃួង ស្រេង បានលើកឡើងថា តាមរយៈជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូជាន់ខ្ពស់ ទីក្រុងហូជីមិញ នឹងរួមចំណែក ពូនជ្រុំ និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អ រវាងគណបក្ស និងប្រជាជន នៃទីក្រុងទាំងពីរ ភ្នំពេញ-ហូជីមិញ ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងក្លាយជាវឌ្ឍនភាពថ្មី ដើម្បីឈានទៅរកការ អភិវឌ្ឍលើគ្រប់វិស័យ ។

ការលើកឡើង របស់លោក ឃួង ស្រេង សមាជិក គណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា និងជាប្រធាន គណៈកម្មាធិការ គណបក្សប្រជាជន កម្ពុជា រាជធានីភ្នំពេញ បែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ង្វៀន វ៉ាន់ នេន (Nguyen Van Nen) សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការ បក្សទីក្រុងហូជីមិញ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ។

ក្នុងជំនួបនេះ លោក ឃួង ស្រេង បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៅពេលនេះ ជាការរួមចំណែក នៃការពង្រឹង និងពង្រីកទំនាក់ទំនងដ៏ស្អិតរមួត និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេរ រឹងមាំយូរ អង្វែង ។
តាមរយៈជំនួបពិភាក្សាការងារក្នុងពេលនេះ នឹងរួមចំណែក ពូនជ្រុំ និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អ រវាងគណបក្ស និងប្រជាជននៃទីក្រុងយើងទាំងពីរ ភ្នំពេញ-ហូជីមិញ ចំពេល ខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-វៀតណាម និងជាឆ្នាំមិត្តភាព លើកទី១៨ នៃការចងសម្ព័ន្ធមេត្រីភាព រវាងរដ្ឋបាល នៃទីក្រុងទាំងពីរភ្នំពេញ-ហូជីមិញ ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងក្លាយជាវឌ្ឍនភាពថ្មី ដើម្បីឈានទៅរកការ អភិវឌ្ឍលើគ្រប់វិស័យ។

លោក ឃួង ស្រេង បន្តថា ឈរលើមូលដា្ឋនសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ, កម្ពុជាបានបន្តខិតខំ ពុះពារ ជម្នះការលំបាកទាំងអស់នេះ ធ្វើឱ្យដំណើរការសេដ្ឋកិច្ច និងសង្គម មានភាពល្អប្រសើរ ជាបន្តបន្ទាប់ ហើយខិតខំសម្រេច ឱ្យបាន នូវគោលដៅអភិវឌ្ឍន៍ ដើម្បីក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅ ឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។

ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញ ក៏លោកឡើងជុំវិញការរៀបចំ កិច្ចប្រជុំ កំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ជាមួយនិងការរៀបចំធ្វើជាម្ចាស់ផ្ទះ មហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣ (AIPA – 43), វេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី/រដ្ឋធានី អាស៊ាន និង ការរៀបចំប្រកួត កីឡាជាតិ លើកទី៣ និង កីឡាជនពិការលើកទី១ ដែលប្រព្រឹត្តទៅដោយរលូន និងទទួលបានការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ តាមការគ្រោងទុកផងដែរ។

ក្នុងឱកាសនោះ លោក ង្វៀន វ៉ាន់ នេន បានសាទរចំពោះសមិទ្ធផលជាច្រើន ដែលកម្ពុជា ដែលសម្រេចបាន នៅពេលនេះ និងនិយាយថា សមិទ្ធផលទាំងនេះ គឺពិតជាបានមកពីការដឹកនាំ ដ៏ល្អនិងឈ្លាសវៃ របស់មេដឹកនាំកំពូលៗរបស់កម្ពុជា ដោយបានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចំរើន និងធ្វើអោយជីវភាព ប្រជាពលរដ្ឋកម្ពុជាធូធា ។

លោកបន្តថា យើងនឹងពង្រឹងនិងពង្រីក សាមគ្គីភាព សហប្រតិបត្តិការរវាងទីក្រុងហូជីមីង-រាជធានីភ្នំពេញ ឲ្យកាន់តែយូរអង្វែង ពិសេសកិច្ចសហប្រតិបត្តិការគ្នា លើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ដើម្បីឈានទៅរកការ អភិវឌ្ឍរីកចំរើនខ្លាំងក្លាថែមទៀត និងចង់អោយទីក្រុងទាំង២ ទីក្រុងហូជីមីង-ភ្នំពេញ ជម្រុញ និងគាំទ្រ ពាណិជ្ជករជូនគ្នាទៅវិញទៅមក ជម្រុញវិស័យទេសចរណ៍ និងការបង្កើតទស្សនកិច្ច នៃទីក្រុងទាំង២ ។

គួរបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់ ទីក្រុងហូជីមិញ ដឹកនាំដោយ លោក ង្វៀន វ៉ាន់ នេន សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ នារាត្រីថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចំនួន៣ថ្ងៃ៕

To Top