ព័ត៌មានជាតិ

កងកម្លាំងអន្តរាគមន៍កម្ពុជា-ថៃ កំពុងសង្គ្រោះមនុស្សជាប់គាំង ក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត

ភ្នំពេញ ៖ កងកម្លាំងអន្តរាគមន៍កម្ពុជា និងថៃ បានរួមគ្នាជួយសង្គ្រោះមនុស្ស ដែលជាប់គាំង ក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូ នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងហេតុការណ៍នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះត្រួតពិនិត្យ និងដឹកនាំកម្លាំងអន្ដរាគមន៍ដោយផ្ទាល់ នៅទីតាំងអគ្គីភ័យឆាបឆេះ កាស៊ីណូហ្គ្រេនដាយមិន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា «កម្លាំងអន្តរាគមន៍កម្ពុជា និងថៃ កំពុងដុតដៃដុតជើង ធ្វើការសង្គ្រោះមនុស្សដែលជាប់គាំង ក្នុងអគារបានជាបន្តបន្ទាប់ និងគ្រប់គ្រងស្ថានការណ៍ ចំពោះអ្នករបួស ស្លាប់ និងទំហំនៃការខូចខាត នៅមិនទាន់ប៉ាន់ប្រមាណបាននៅឡើយ»។

គួរបញ្ជាក់ថា នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២  មានអគ្គីភ័យឆាបឆេះ នៅក្នុងកាស៊ីណូហ្រ្គេនដាយមិនសិតធី និង កាស៊ីណូប៉ោយប៉ែតសិតធី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានបុគ្គលិកប្រុសស្រីប្រហែលជាង ៤០០នាក់ និងមាន ស្លាប់មនុស្សប្រុសស្រីប្រហែលជាង ១០នាក់ តែពុំដឹងថា មានជនជាតិអ្វីខ្លះនោះទេ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ក្នុងនោះ របួសមនុស្ស ប្រុស ស្រី ធ្ងន់ស្រាលប្រហែល ៣០នាក់ និងខូចខាតអាគារទាំងស្រុង។

ប្រតិបត្តិការនេះ មានកម្លាំងចុះអន្តរាគមន៍ចំនួន ៣៦៥ នាក់ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៏ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ៕

To Top