ព័ត៌មានជាតិ

ទស្សនៈនិងមតិ៖ ប្រាសាទបាក់បែកក្នុងព្រៃ នៅប្រឹងរក្សា ចុះអនិច្ចារអ្វីតែចេតិយនិងកុដិបុរាណ នៅកណ្ដាលទីក្រុងភ្នំពេញ

ភ្នំពេញ៖ ជាមួយនឹងការសោកស្ដាយ និងមន្ទិលសង្ស័យ ជុំវិញការវាយកម្ទេច កុដិបុរាណចំនួន៣ ក្នុងវត្តឧណ្ណាលោម ​និងបន្តវាយកម្ទេចចេតិយបុរាណ នៅក្នុងវត្តបុទុមវត្តី ត្រូវបានអ្នកតាមដានព័ត៌មាន បានលើកឡើងជាទស្សនៈនិងមតិថា «ប្រាសាទបាក់បែកក្នុងព្រៃ នៅប្រឹងរក្សា ចុះអនិច្ចារអ្វីតែចេតិយនិងកុដិបុរាណ នៅកណ្ដាលទីក្រុងភ្នំពេញ»។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានភាពមិនប្រក្រតីជាបន្តបន្ទាប់ ពាក់ព័ន្ធទៅនឹងអ្វីដែលបានឆ្លុះបញ្ជាំងពី ប្រវត្តិសាស្រ្ត ដូចជាការវាយកម្ទេច កុដិបុរាណចំនួន៣ (កុដិលេខ៤៣, ៤៤,៤៥) ក្នុងវត្តឧណ្ណាលោម ដែលក្រសួងវប្បធម៍ បានាចាត់ទុកថា ជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញកាលពីឆ្នាំ២០១៧ និងបន្តវាយកម្ទេចចេតិយបុរាណ នៅក្នុងវត្តបុទុមវត្តី ដោយមានការបកស្រាយថា «ជាការភ័ន្តច្រឡំ»។

នៅលើបណ្ដាញសង្គម នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ លោក សយ សុភាព បានដកស្រង់សម្ដីអ្នកតាមដានព័ត៌មាន ដោយចោទជាសំនួរថា «តើនេះជាយុទ្ធនាការ?»។

ជុំវិញករណី ដែលគួរឱ្យចាប់អារម្មណ៍នេះ ត្រូវអ្នកតាមដានព័ត៌មាន បានលើកឡើងថា «សូម្បីប្រាសាទបាក់បែក នៅកណ្តាលព្រៃយើងនាំគ្នា ថែតាមការជាក់ស្តែង។ តែចេតិយ នៅក្នុងវត្តកណ្តាលក្រុង ហេតុអីគ្មានការថែទាំ ហើយទុកចោលទាល់តែពុក រួចយកលេសវាយចោលសង់ថ្មី ឬក៏យកហេតុផល បើទុកទៀតនឹងបង្កគ្រោះថ្នាក់…»។

ប្រភពដដែល បានផ្ដាំថា ឱ្យសាកល្បងមើលឱ្យជ្រៅជាងបញ្ហា។ ប្រសិនបើនៅតែយ៉ាងនេះ ចុះព្រះចេតិយ ហ្លួងពញាយ៉ាត នៅវត្តភ្នំ ដែលមានអាយុកាលច្រើនជាងនេះ យល់ម៉េចដែរ? ព្រះចេតិយនេះ និងចេតិយនៅជុំវិញថែទាំ ជួសជុលបានល្អ។ ចុះអនិច្ចារអ្វីតែចេតិយនៅវត្តបុទមវត្តី និងកុដិបុរាណ នៅក្នុងវត្តឧណ្ណាលោម៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top