ព័ត៌មានជាតិ

ការកែសម្រួលវិធានការកូវីដ១៩ របស់រដ្ឋាភិបាលចិន គឺជាចំណុចវិជ្ជមានដ៏ល្អ សម្រាប់ពិភពលោកទាំងមូល

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាវាយតម្លៃខ្ពស់ថា ការកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ របស់រដ្ឋាភិបាលចិន គឺជាភាពឈ្លាសវៃ និងជាចំណុចវិជ្ជមានមួយដ៏ល្អ សម្រាប់ពិភពលោកទាំងមូល។


ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសកម្ពុជា នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុមិត្តភាពកម្ពុជា-ចិន ទាក់ទងនឹងការត្រៀមស្វាគមន៍ទេសចរមកពីប្រទេសចិន និងការវាយតម្លៃអំពីការកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ របស់រដ្ឋាភិបាលចិន ព្រមទាំងការរំពឹងទុកវត្តមាន របស់ទេសចរចិន នៅកម្ពុជាផងដែរ។


ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍ ដោយចាត់ទុកការកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩របស់ចិន គឺជាចំណុចវិជ្ជមានមួយដ៏ល្អ មិនមែនសម្រាប់តែកម្ពុជា តែសម្រាប់ពិភពលោកទាំងមូល ព្រោះថា ក្នុងចំណោមទេសចរទាំងអស់លើពិភពលោក ទេសចរចិនគ្របដណ្តប់ជិត២០ភាគរយហើយ ដូច្នេះ នេះគឺជាការជួយដល់ដំណើរការសេដ្ឋកិច្ចលើពិភពលោកទាំងមូល។


«សម្រាប់កម្ពុជា យើងរីករាយមែនទែន ក្នុងការត្រៀមទទួលស្វាគមន៍ ដល់ទេសចរចិននេះ» ឯកឧត្តម ថោង ខុន បានបន្ថែមទៀតថា កម្ពុជាបានត្រៀមតំបន់ទេសចរណ៍សំខាន់ៗជាច្រើន សម្រាប់ទទួលទេសចរចិន ដូចជា ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដូចជា ឆ្នេរសមុទ្រ កោះនានា និងខេត្តសៀមរាប ដែលជាតំបន់អង្គរ មានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដ៏ស្រស់ស្អាត ជាដើម ដែលទេសចរចិនអាចអញ្ជើញមកកម្សាន្ត ជាពិសេស នៅរដូវត្រជាក់ និងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នាពេលខាងមុខនេះ។


«ខ្ញុំដឹងថា បងប្អូន ជនជាតិចិន ចូលចិត្តអង្គរវត្ត តែអង្គរវត្ត ឥលូវនេះ កាន់តែស្អាត សូមអញ្ជើញមក ហើយនៅភ្នំពេញ ក៏កាន់តែល្អ» ឯកឧត្តមបានបន្តថា នៅឆ្នាំ២០២៣ កម្ពុជារំពឹងខ្ពស់ថា នឹងទទួលទេសចរចិន ប្រហែលជា ជាង១លាននាក់ និងរំពឹងថា ទទួលបានជាង២លាននាក់ នៅឆ្នាំ២០២៤ និង នៅឆ្នាំ២០២៥ ទទួលបានទេសចរចិនយ៉ាងតិច ៣.៥លាន ឬ ៤លាននាក់។


«ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំណាស់ គឺថា ការបើកប្រទេសឡើងវិញគឺជាភាពវ័យឆ្លាតមួយរបស់ រដ្ឋាភិបាលចិន ហើយចំពោះកម្ពុជា គឺត្រៀមទទួលទេសចរចិន…. យើងទទួលទេសចរចិន ដោយមិនត្រូវធ្វើតេស្តអ្វីទាំងអស់ ព្រោះយើងមានភាពសុំាក្នុងសហគមន៍ហើយ ហើយចឹងក៏ដឹងថា ទេសចរចិនបានចាក់វ៉ាក់សាំងរួច…កម្ពុជាអត់ត្រូវការធ្វើតេស្តអ្វីទាំងអស់ ប្រទេសណា គេដាក់យ៉ាងម៉េចគឺជារឿងរបស់គេ ប៉ុន្តែ កម្ពុជាគឺអត់ទេ សូមអញ្ជើញមកកម្ពុជា»។


ឯកឧត្តមបានមានប្រសាសន៍ផងដែរថា ការបើកប្រទេសឡើងវិញរបស់រដ្ឋាភិបាលចិននេះ ក៏ស្របពេលដែលឆ្នាំ២០២៣ គឺខួបទំនាក់ទំនងកាទូត ៦៥ឆ្នាំរវាងប្រទេសទាំងពីរ ហើយភាគីទាំងពីរគ្រោងនឹងមានសកម្មភាពជាច្រើន ដើម្បីអបអរសាទរ។ ឯកឧត្តមក៏រំពឹងថា វិនិយោគចិនមានវត្តមាននៅកម្ពុជាកាន់តែច្រើន ទាំងវិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ រួមទាំង វិស័យទេសចរណ៍។


«ធ្វើយ៉ាងណាក៏ដោយ យើងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អថែមទៀត រវាងចិននិងកម្ពុជា ទាំងបក្ស ទាំងរដ្ឋ ទាំងប្រជាជននិងប្រជាជន ព្រោះថា ចិននិងកម្ពុជាគឺជាមិត្តចិត្តសាស្ត្រ ជាមិត្តដែកថែប ត្រូវពង្រឹងជាប់ជានិច្ច ដើម្បីសុខសន្តិភាព ស្ថិរភាពក្នុងតំបន់ទាំងមូល»

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top