ព័ត៌មានជាតិ

កម្ពុជា ប្រកាន់ខ្ជាប់ធម្មនុញ្ញរបស់ UN និងជំទាស់ដាច់ខាតការប្រើកម្លាំង ប្រឆាំងនឹងរដ្ឋអធិបតេយ្យ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា កម្ពុជា ប្រកាន់ខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) និងច្បាប់បទដ្ឋាន ហើយជំទាស់ដាច់ខាត ចំពោះការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយ កម្លាំងប្រឆាំងនឹងរដ្ឋអធិបតេយ្យ។

ក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ពាក់ព័ន្ធនឹងការប្រែប្រួលដ៏ស្មុគស្មាញ តានតឹងនៃសភាពការណ៍សកលលោកបច្ចុប្បន្ននេះ ដែលបណ្តាលមកពីការប្រកួតប្រជែង ខាងភូមិសាស្ត្រនយោបាយ រវាងមហាអំណាចធំៗ ដែលបានធ្វើឲ្យរង្គោះរង្គើដល់សណ្តាប់ធ្នាប់អន្តរជាតិ និងគំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ជាសាកលនោះ សម្ដេច បញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ដែលជាប្រទេសដ៏សកម្មមួយ នៃអង្គការសហប្រជាជាតិ ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការការពារសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ និងការពង្រឹងប្រព័ន្ធពហុភាគីនិយម ដែលប្រកបដោយបរិយាបន្ន តម្លាភាព យុត្តិធម៌ និងបើកចំហ ដើម្បីធានាដល់ការកសាងសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការលើកកម្ពស់គុណភាពនៃជីវិត និងការរស់នៅរបស់ប្រជាជន។

សម្តេចតេជោ បានបញ្ជាក់ឱ្យដឹងថា «កម្ពុជាប្រកាន់ខ្ជាប់ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងច្បាប់បទដ្ឋាន ព្រមទាំងគោលការណ៍ទាំងឡាយ ដែលត្រូវបានទទួលស្គាល់ជាសាកល ហើយជំទាស់ដាច់ខាត ចំពោះការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយកម្លាំង ប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ»។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំពោះបញ្ហាសង្គ្រាម និងសន្តិភាព ឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលកម្ពុជាបានជួបមកហើយនោះ សម្ដេច យល់ឃើញថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានឡើយ មានតែការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និងពិគ្រោះយោបល់ប៉ុណ្ណោះ ទើបយើងអាចសម្រេចបាននូវសន្តិភាព ប្រកបដោយចីរភាពបាន ៕

To Top