ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សបជាជនកម្ពុជា និងជាអនុប្រធាន គណៈចលនាមហាជន ថ្លែងក្នុងពិធីពិសារអាហារសាមគ្គី ជាមួយថា្នក់ដឹកនាំសហជីព រាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
![](https://dap-news.com/wp-content/uploads/2023/01/photo_2023-01-16_09-57-25-1024x682.jpg)
លោក ក៏បានសូមថ្លែងអរគុណ ចំពោះបងប្អូនជាប្រធានសហភាពសហជីព សហព័ន្ធសហជីព និងសមាគម ដែលធ្វើការងារពាក់ព័ន្ធ ជាមួយសេដ្ឋកិច្ចទាំងក្នុង និង ក្រៅប្រព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងល្អ ក្នុងការផ្តល់ការគាំពារ ដើម្បីការពារសិទ្ធិ និង អត្ថប្រយោជន៍ជូនដល់ កម្មករ-និយោជិត ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការងារគណបក្ស និង ការងារសង្គម ជាពិសេសក្នុងអំឡុងពេលនៃ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
![](https://dap-news.com/wp-content/uploads/2023/01/photo_2023-01-16_09-57-22-1024x682.jpg)
ទន្ទឹមនឹងនេះ សូមកោតសរសើរចំពោះ គណៈចលនាសហជីព និងស្ថាប័ន-អង្គភាពចំណុះ រួមទាំងក្រុមការងារគ្រប់យន្តការ ក៏ដូចជាសកម្មជនគណបក្សទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រកបដោយសុឆន្ទៈ ភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចយ៉ាងសកម្ម ស្របតាមទិសដៅការងារ និងតួនាទី ដែលគណបក្សថ្នាក់លើបាន ប្រគល់ជូននាពេលកន្លងមក ។
![](https://dap-news.com/wp-content/uploads/2023/01/photo_2023-01-16_09-57-20-1024x663.jpg)
សកម្មភាព និង កាយវិការដ៏ប្រពៃនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែលតែងតែបានខិតខំ និង បន្តយកចិត្តទុកដាក់ធានា បាននូវបរិយាកាសការងារ និង មុខរបរ ឱ្យកាន់តែមានភាពអំណោយផល និង ភាពទូលំទូលាយទាំងបរិមាណ និង គុណភាព ព្រមទាំងធានាធ្វើយ៉ាងណា ឱ្យប្រជាជនមានភាពរីកចម្រើន ទាំងលើលំនឹងការងារ ប្រាក់បៀវត្សរ៍ ការការពារសិទ្ធិសេរីភាព និងកិច្ចគាំពារសុខុមាលភាពនានា។
![](https://dap-news.com/wp-content/uploads/2023/01/photo_2023-01-16_09-57-18-1024x682.jpg)
លោកបណ្ឌិត លើកឡើងថា ដំណើរជីវិតរបស់គណបក្សប្រជាជនកម្ពុជា មានទាំងសមាសធាតុចាស់ និង សមាសធាតុថ្មី ដែលកំពុងនៅលាយឡំជាមួយគ្នា ។ អ្វីដែលជាសមាសធាតុចាស់ គឺបុព្វហេតុដើម្បីជាតិ និងប្រជាជន ដែលគណបក្សប្រកាន់យកតាំងពី ការបង្កើតគណបក្សដំបូងនៅក្នុងឆ្នាំ១៩៥១ ហើយក៏នឹងបន្តជានិច្ចនិរន្តន៍ទៅមុខទៀត។ ដោយឡែក អ្វីដែលសមាសធាតុថ្មី គឺដំណើរការនៃការកែទម្រង់ និង ការកែលម្អនូវប្រសិទ្ធភាពការងារជាប់ជាប្រចាំ សំដៅធ្វើយ៉ាងណាធានា ឱ្យបាននូវវឌ្ឍនភាពសង្គម, ការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ច និង ជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាជន ក៏ដូចជាការផ្តល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាងជូនប្រជាជន ក្រោមបរិយាកាសនៃសុខសន្តិភាព ស្ថិរភាព និង ក្នុងក្របខណ្ឌនៃសង្គមប្រជាធិបតេយ្យ ផ្អែកលើគោលការណ៍នីតិរដ្ឋ ។
![](https://dap-news.com/wp-content/uploads/2023/01/photo_2023-01-16_09-57-16-1024x682.jpg)
ក្នុងន័យនេះ, គណបក្សប្រជាជនកម្ពុជា បានផ្សារសាច់ផ្សារឈាមជាមួយកម្មករ-និយោជិត ជាប់ជាប្រចាំតាំងពីដើមរៀងមក តាមយន្តការភ្លៀងរលឹម ដោយយកចិត្តទុកដាក់ដោះស្រាយ ការលំបាកគ្រប់បែបយ៉ាង ដើម្បីផ្តល់នូវកិច្ចគាំពារ ការពារសិទ្ធិ និងអត្ថប្រយោជន៍ ឱ្យកាន់តែច្រើន និងប្រសើរ ជូនដល់កម្មករ-និយោជិតរបស់យើង បង្កើតនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ បង្កឱ្យមានភាពស្រុះស្រួលគ្នា និងភាពអាចទទួលយកបាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
![](https://dap-news.com/wp-content/uploads/2023/01/photo_2023-01-16_09-57-13-1024x682.jpg)
លោក ម៉ាណែត បន្ថែមថា សម្តេចតេជោ តែងតែគិតគូរគ្រប់ជ្រុងជ្រោយ និងល្អិតល្អន់ សំដៅធ្វើយ៉ាងណារៀបចំ ការផ្តល់អត្ថប្រយោជន៍ ឱ្យបានច្រើន និង ជាអតិបរមា ជូនដល់បងប្អូនកម្មករ-និយោជិត ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ ។ ការគិតគូរមិនឈប់ឈរបែបនេះ ប្រៀបបានទៅនឹងឪពុកបង្កើត ដែលតែងតែប្រាថ្នាចង់បាន នូវភាពរីកចម្រើនពេញលេញ សម្រាប់កូនក្មួយរបស់លោក ដែលជាកម្មករ-និយោជិតទាំងអស់ ព្រោះក្នុងរយៈជាង ៤០ឆ្នាំ កន្លងមកនេះ សម្តេចតេជោ បានដឹកនាំតាំងតែពីកាលប្រជាជន មានកម្រិតជីវភាពទាប រហូតមានការរីកចម្រើន និងបន្តរុងរឿងសម្បូរហូរហៀរ តទៅទៀត។
![](https://dap-news.com/wp-content/uploads/2023/01/photo_2023-01-16_09-57-10-1024x682.jpg)
ដូច្នេះសូមបន្តមានមោទនភាពចំពោះ សម្តេចតេជោ ប្រមុខដឹកនាំគណបក្សរបស់យើង ដែលតែងមានសច្ចធម៌ ក្នុងការដឹកនាំ គាំទ្រ និងលើកកម្ពស់សិទ្ធិសេរីភាព និងភាពរុងរឿងរបស់ប្រជាជន និង ប្រទេសជាតិ។ ទន្ទឹមនឹងនេះ បន្តជួយការពារសមិទ្ធផលរបស់គណបក្ស ក៏ដូចជាការពារនូវគោលនយោបាយ ដ៏ត្រឹមត្រូវរបស់គណបក្ស តាមរយៈការចូលរួមទប់ស្កាត់ នូវរាល់ការប្រតិដ្ឋព័ត៌មានក្លែងក្លាយ, មួលបង្កាច់, ញុះញុង, ពីសំណាក់ជនអគតិមួយចំនួន ដែលតែងតែចង់ឱ្យប្រទេសជាតិ ជួបភាពចលាចល ដើម្បីបម្រើនយោបាយចំណេញរបស់ពួកគេ៕
![](https://dap-news.com/wp-content/uploads/2023/01/photo_2023-01-16_09-57-07-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2023/01/photo_2023-01-16_09-57-01-1024x609.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)