ព័ត៌មានជាតិ

មេបញ្ជាការ កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន ចុះហត្ថលេខារួមគ្នា តាមប្រព័ន្ធ VTC លើ ឯកសារលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំតាមប្រព័ន្ធ VTC ជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន។

ក្នុងជំនួបនេះ សមភាគីទាំងពីរ បានរំឭកអំពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន និងការភ្ជាប់ចំណងការទូត ជាផ្លូវការ នៅក្នុងឆ្នាំ១៩៥៧ ព្រមជាមួយនឹងការ សម្តែងនូវការអបអរសាទរ និងមោទកភាព ចំពោះការរីកចម្រើន នៃទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ ដោយរួមទាំងវិស័យ ការពារជាតិផងដែរ ដូចដែលស្តែងឡើង តាមរយៈការចុះអនុស្សារណៈ នៃការយោគយល់រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៧។

ផ្តើមចេញពីមូលដ្ឋាន នៃកិច្ចសហប្រតិបត្តិការល្អថ្នាក់ក្រសួងការពារជាតិនេះ មេបញ្ជាការកងទ័ពជើងគោកទាំងពីរ ក៏បានវាយតម្លៃខ្ពស់ អំពីការរីកចម្រើនគួរឱ្យកត់សម្គាល់ នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន លើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ជាដើម ។

ក្នុងឱកាសនៃជំនួបនេះ សមភាគីទាំងពីរបានសម្រេច ចុះហត្ថលេខារួមគ្នាលើឯកសារ “លក្ខខណ្ឌស្តីពីកិច្ច សហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន” ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ, យូរអង្វែង និងប្រកបដោយទំនុកចិត្ត ។ ជាមួយនឹងការអបអរសាទរចំពោះកម្រិតឈានឡើង នៃទំនាក់ទំនងប្រកបដោយសក្តានុពល ដូចពេលបច្ចុប្បន្ន សមភាគីទាំងពីរបានចាត់ទុកវឌ្ឍនភាពនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃកិច្ចទំនាក់ទំនងទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក ដោយឯកសារលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការនេះ នឹងក្លាយជាមូលដ្ឋានមួយ ដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវ សំដៅឈានទៅពង្រឹង និងពង្រីកសកម្មភាពកិច្ចសហប្រតិបត្តិការ ជាក់ស្តែងនានាតទៅអនាគត ។

To Top