ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ បានចេញ សេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះ បុគ្គល ឡុង សុគន្ធារៈ ដែលបានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិ នាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំដទៃទៀត។
អ្នកនាំពាក្យ បានចាត់ទុកទង្វើ របស់បុគ្គលពាលរូបនេះ ( ឡុង សុគន្ធារៈ) តាមរយៈការញុះញង់ ការគ្រោងឯកសណ្ឋានយោធា ដោយខុសច្បាប់ ការធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្ដីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ គឺជាអំពើល្មើសច្បាប់ ដ៏ធ្ងន់ធ្ងរបំផុត មិនអាចលើកលែងឱ្យបាន។
អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវដល់ជនរួមជាតិទាំងអស់ កុំចែកចាយបន្តនូវ វីដេអូរបស់បុគ្គលពាល ក្រៅសង្គមរូបនេះ ហើយក៏សូមអំពាវនាវដល់ ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការ ដើម្បីផ្តន្ទាទោសជននេះ តាមផ្លូវច្បាប់។
អ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសប្រឆាំងដាច់ខាត ចំពោះជនណា ដែលព្យាយាម ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ កងយោធពលខេមរភូមិន្ទ និងសូមប្តេជ្ញាការពារ រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពប្រទេសកម្ពុជា ដោយមិនឱ្យជនណាមួយ មករំលោភបំពាន បានឡើយ៕