ភ្នំពេញ៖ លោក YU Jeoung Yeol ប្រធានទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) បានថ្លែងថា KOTRA កំពុងកៀរគរអ្នកវិនិយោគបន្ថែមទៀត ឲ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា លើវិស័យបច្ចេកទេស ឌីជីថល កសិកម្ម គ្រឿងបន្លាស់យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ ។
ការបញ្ជាក់របស់ប្រធាន KOTRA បែបនេះធ្វើឡើង នាថ្ងៃទី២៧ មករា ក្នុងជំនួបជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងប្រតិភូវិស័យឯកជនពាក់ព័ន្ធរបស់កម្ពុជា នៅទីស្នាក់ការកណ្តាល KOTRA ។

ក្នុងឱកាសនោះរដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទី និងការរួមចំណែករបស់ KOTRA ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ក្នុងជំនួបពិភាក្សានេះដែរលោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) និងបានបញ្ជាក់ថា ពេលវេលានេះជាពេលវេលាសមស្រប ដើម្បីពិភាក្សាលើការជម្រុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងបង្កើនការប្រើប្រាស់កិច្ចព្រមព្រៀង CKFTA។

ជាការឆ្លើយតបលោកប្រធាន YU Jeoung Yeol បានជម្រាបជូនលោករដ្ឋមន្ត្រី និងគណៈប្រតិភូ ថា KOTRA មានជំនឿយ៉ាងមុតមាំ តាមរយៈកិច្ចព្រមព្រៀង CKFTA នឹងជម្រុញការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបន្ថែមទៀត ហើយដែលអាចជំរុញឱ្យមានការ កើនឡើងនូវកិច្ចសហប្រតិបត្តិការ លើវិស័យបច្ចេកទេស ឌីជីថល និងកសិកម្មជាដើម។
លោកប្រធានបញ្ជាក់ថា «ច្ចុប្បន្នក្រុមហ៊ុនកូរ៉េជាង ២០០ ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា ហើយ KOTRA កំពុងកៀរគរអ្នកវិនិយោគបន្ថែមទៀតជាពិសេស លើវិស័យខាងលើ និងវិស័យគ្រឿងបន្លាស់យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ» ៕
