ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជាង១២០០ គ្រួសារ រស់នៅក្នុងអគារបុរីកីឡាទាំង៨ អគារ បានបង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជន ជាមួយនឹងការលើកលែង ការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀតនោះ។




ការបង្ហាញពីក្តីរំភើបរីករាយចិត្តពីសំណាក់ប្រជាពលរដ្ឋជាង១២០០គ្រួសារនេះ ក្នុងឱកាសលោកឃួង ស្រេង អភិបាលជធានីភ្នំពេញ ចុះសំណេះសំណាល និងរៀបចំយុទ្ធនាការចុះបញ្ជី ធ្វើប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន១៣៩២ យូនីត ស្មើនឹងជាង១២០០គ្រួសារ នាថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២៣។



លោក ឃួង ស្រេង បានលើកឡើងថា ដោយពិនិត្យឃើញអំពីស្ថានភាពរបស់ពួកគាត់ និងដើម្បីជួយសម្រួលឲ្យទទួលបានកម្មសិទ្ធិស្របច្បាប់ លើចំណែកឯកជន នៃអគារសហកម្មសិទ្ធិបុរីកីឡា ក៏ដូចសម្រាលបន្ទុក ក្នុងការបង់ពន្ធ-អាករ និងសេវាសុរិយោដីនានា ក្នុងដំណើរការបំពេញនីតិវិធី កសាងប័ណ្ណកម្មសិទ្ធិខាងលើ សម្តេចតេជោ បានសម្រេចឲ្យអាជ្ញាធររាជធានីភ្នំពេញរៀបចំបែបបទ ដើម្បីចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជនចំនួន ១៣៩២ យូនីត នៃអគារបុរីកីឡា ទាំង៨ អគារ ជាមួយនឹងការលើកលែងនូវការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ព្រមទាំងសេវាអន្តរ ក្រសួងនានា ក្នុងការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ ។

លោក ឃួង ស្រេង បន្តថា នេះពិតជាស្ដែងឲ្យឃើញពីយកចិត្តទុកដាក់របស់សម្ដេចតេជោ ដល់ប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងអគារបុរីកីឡាទាំង៨អគារ ។

តាមរយៈការជួយសម្រួល ដល់ការធ្វើប័ណ្ណកម្មសិទ្ធិខាងលើ ដោយពុំចំណាយថវិកា លើការបង់ពន្ធ-អាករផ្សេងៗ និងសេវាអន្តរក្រសួងនានានោះ ប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងអគារបុរីកីឡា បន្តគាំទ្រសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបានឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត ក៏ដូចជាគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ផងដែរ៕
