ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាពសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិត ចំនួនជិត ៣ ពាន់នាក់ ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។
លោកបណ្ឌិត សូមចូលរួមអបអរសប្បាយរីករាយជាមួយនឹងសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិតទាំងអស់ ចំពោះការសម្រេចចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយនឹងមហាគ្រួសារដ៏កក់ក្តៅនៃគណបក្សប្រជាជនកម្ពុជា ដែលជាគ្រួសារដ៏ធំជាងគេ និងដែលសម្រេចបាននូវស្នាដៃ ព្រមទាំងគុណបំណាច់យ៉ាងធំធេងជាច្រើននៅក្នុងបុព្វហេតុបម្រើជាតិ និងការពារប្រជាជនដោយស្មោះត្រង់ និងដោយគ្មានរើសអើង។ ក្នុងរយៈកាលជាង ៤០ ឆ្នាំ កន្លងមកនេះ អ្នកស្នេហាជាតិជាថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃមហាគ្រួសារមួយនេះ បានចូលរួមនៅក្នុងបុព្វហេតុជាតិជាច្រើនទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្រ ជាអាទិ៍៖ ការរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត, ការសម្រេចបាននូវសុខសន្តិភាពពេញលេញជូនជាតិតាមរយៈនយោបាយឈ្នះ-ឈ្នះ និងជោគជ័យដ៏ត្រចះត្រចង់ក្នុងការការពារ និងសង្គ្រោះជីវិតប្រជាពលរដ្ឋរាប់លាននាក់ឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩។
លោក លើកឡើងផងដែរថា មួយវិញទៀត គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានការអភិវឌ្ឍរីកចម្រើនរឹងមាំឥតឈប់ឈរ និងមានមូលដ្ឋានពីស្មារតីសាមគ្គីភាព, ការតម្កល់ផលប្រយោជន៍ជាតិជាធំ និងមានគោលនយោបាយមុតស្រួច រួមជាមួយនឹងភាពបត់បែន សំដៅធ្វើយ៉ាងណារក្សាបាននូវបុព្វហេតុតែមួយគត់ និងមិនអាចងាករេពីមួយជំនាន់ទៅមួយជំនាន់ គឺការបម្រើប្រជាពលរដ្ឋ និងការអភិឌ្ឍជាតិ។ ជារួម យុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ពិតជាមានមោទកភាពចំពោះមហាគ្រួសារមួយនេះ ដោយមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយក៏បានប្តេជ្ញាចិត្តបន្តរួបរួមគ្នាបំពេញភារកិច្ចទោះជាក្នុងលក្ខណៈបុគ្គលក្តី ឬជាក្រុមក្តី ដើម្បីបម្រើជាតិ និងប្រជាជន។
លោក រំលេចផងដែរថា យុវជនតែងចង់បាននូវការចម្រើនរីកលូតលាស់ក្នុងបរិយាកាសនៃប្រទេសជាតិមួយប្រកបដោយលំនឹង និងស្ថិរភាពយូរអង្វែង ដូច្នេះការដាក់ចេញនូវគោលនយោបាយនីមួយៗរបស់គណបក្សនយោបាយ ដាច់ខាតត្រូវមានមូលដ្ឋានច្បាស់លាស់ រួមជាមួយនឹងការសិក្សាស្រាវជ្រាវព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយក៏ទាមទារជាចាំបាច់នូវបទពិសោធន៍ក្នុងការបំពេញការងារជាក់ស្តែងកាលពីអតីតកាល និងបន្តមកដល់បច្ចុប្បន្នកាល ដើម្បីជាទុនក្នុងការរៀបចំផែនការទៅអនាគត។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានគុណវុឌ្ឍិ សមត្ថភាព និងបទពិសោធន៍លើសលប់ក្នុងការផ្តល់នូវអនាគតប្រកបដោយលំនឹងស្ថិរភាពសម្រាប់យុវជនរបស់យើងទាំងជំនាន់បច្ចុប្បន្ន និងគ្រប់ជំនាន់តទៅមុខ៕
![](https://dap-news.com/wp-content/uploads/2023/02/59BBC73C-78E2-4814-B139-430E85B44BEB-1024x686.jpeg)
![](https://dap-news.com/wp-content/uploads/2023/02/C640F375-2C40-4CEF-82FD-1D644765A55D-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/02/DA54A12D-AAEC-43AB-8A33-C56FDD7A9947-1024x634.jpeg)
![](https://dap-news.com/wp-content/uploads/2023/02/05B8BB48-8C13-4D3C-894B-C79A348A966F-676x1024.jpeg)
![](https://dap-news.com/wp-content/uploads/2023/02/3EAADD2D-3961-42BE-A99E-A1C03ECBCC5C-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/02/3DD2F817-AC30-4ED9-96BF-7A91B2651CC7-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/02/B1712B57-2835-480E-A32E-7130518B7CA9-1024x534.jpeg)
![](https://dap-news.com/wp-content/uploads/2023/02/35920B89-DC38-4446-B4A2-3F403C3B9F3C-1024x534.jpeg)
![](https://dap-news.com/wp-content/uploads/2023/02/4CCB8162-4C4F-48C3-97CF-F6A7F67F65B2-1024x602.jpeg)
![](https://dap-news.com/wp-content/uploads/2023/02/1BF1D7C7-920E-4E8C-9F80-CD6348070D38-1024x602.jpeg)
![](https://dap-news.com/wp-content/uploads/2023/02/779873BC-5D6B-42A4-A327-E479EDE4AA65-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2023/02/15C41B89-6AEE-4A84-B6DD-06BEC728003F-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)