ព័ត៌មានជាតិ

កម្ពុជា កំពុងស្វែងរកដៃគូវិនិយោគផ្លូវដែកល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត មានតម្លៃជាង៤ពាន់លានដុល្លារ

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទូតថៃថា កម្ពុជាកំពុងស្វែង រកដៃគូវិនិយោគសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែត ដែលមានតម្លៃជាង ៤ពាន់លានដុល្លារ ខណៈគម្រោងនេះ បានសិក្សាចប់សព្វគ្រប់ហើយ។

ក្នុងជំនួបសម្ដែងការគួរសមជាមួយលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា «កម្ពុជាកំពុងស្វែងរកដៃគូវិនិយោគ ការសាងសង់ផ្លូវដែកល្បឿនលឿន ពីភ្នំពេញ ទៅប៉ោយប៉ែត ដែលមានតម្លៃជាង៤ពាន់លានដុល្លារ មានចម្ងាយ ៣៨២គីឡូម៉ែត្រ ខណៈបច្ចុប្បន្នគម្រោង ផ្លូវដែកនេះ បានសិក្សាសមិទ្ធលទ្ធភាពចប់សព្វគ្រប់ហើយ»។

លោកទេសរដ្ឋមន្ត្រី បានរំលឹកថា ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ប្រធានាធិបតីចិន ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន នាពេលកន្លងទៅថ្មីៗនេះ លោកប្រធានាធិបតីចិន បានគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់ទៅថៃ តភ្ជាប់ទៅឡាវ និងតភ្ជាប់ទៅចិន និងបានផ្តល់ ជំនួយ៤៥ លានដុល្លារ ដល់កម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ នៃគម្រោងផ្លូវដែកល្បឿនលឿនរបស់កម្ពុជានេះ។

លោកទេសរដ្ឋមន្ដ្រីបន្ថែមថា កម្ពុជា-ថៃ ក៏ដូចជាប្រទេសនានាក្នុងមហាអនុតំបន់ទន្លេមេគង្គ អាចនឹងទាញបានអត្ថ ប្រយោជន៍ យ៉ាងច្រើន ពីការដឹកជញ្ជូនតាមរយៈផ្លូវដែកល្បឿនលឿននេះ ដោយសារកម្ពុជាស្ថិតនៅចំកណ្តាល ដែលរំពឹងទុកថានឹងក្លាយជាមជ្ឈមណ្ឌលផលិត និងស្តុកទុកទំនិញឆ្លងកាត់ ពីប្រទេសមួយទៅប្រទេសមួយ នាពេលខាងមុខ ហើយក្រៅដឹកទំនិញផ្លូវដែកល្បឿនលឿននេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរផងដែរ។

ទាក់ទងនឹងវិស័យដឹកជញ្ចូនតាមផ្លូវដែកនេះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសំណូមពរភាគីថៃ ពិនិត្យលទ្ធភាព ក្នុងការលើកកម្រិតផ្លូវដែកបច្ចុប្បន្ន ឲ្យទៅជាផ្លូវដែក មានខ្នាតទទឹងប្រវែង ១.៤៣៥មីលីម៉ែត្រ ដើម្បីសម្រួលដល់ការ ដឹកជញ្ជូន កាន់តែមានប្រសិទ្ធភាព ងាយស្រួលក្នុងការតភ្ជាប់ និងកាត់បន្ថយការចំណាយពេលវេលាច្រើន។

គម្រោងនៃការសាងសង់ផ្លូវដែកល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត មានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ អាចប្រើពេល៤ឆ្នាំ។ គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឲ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន គឺជាគម្រោងដែលផ្តោតចម្បង លើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិរវាងកម្ពុជា និងថៃ ក៏ដូចជាការដឹក ជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ៕

To Top