ភ្នំពេញ ៖ បេក្ខជនចូលរួមប្រកួតវោហារស័ព្ទ ក្រោមប្រធានបទ «ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា» នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានលើកឡើងថា ការលក់ និងការចែកចាយបារីអេឡិចត្រូនិក នៅតែមានយ៉ាងចំហរ នៅតាមប្រព័ន្ធបណ្ដាញសង្គម ទោះបីបារីអេឡិចត្រូនិក បង្កផលប៉ះពាល់ខ្លាំងដល់សុខភាព។

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានចេញសេចក្តីណែនាំហាមឃាត់ការប្រើប្រាស់ ការលក់ និងចែកចាយ។

បេក្ខជនចូលរួមប្រកួត បានលើកឡើងទៀតថា «បារីអេឡិចត្រូនិចត្រូវបានឈ្មួញរចនាប្រកបដោយភាពច្នៃប្រឌិត ស៊ីវីល័យ និងទាក់ទាញ ដោយបង្ហាញពីរូបរាងស្អាតៗ តូចៗងាយស្រួលដាក់តាមខ្លួន ព្រមទាំងមានក្លិនក្រអូប និងរសជាតិប្លែកៗ ដូចជារសជាតិក្រូច ឪឡឹក ស្ត្របឺរី និងកាហ្វេជាដើម។
មិនតែប៉ុណ្ណោះក្រុមអ្នកលក់បារីអេឡិចត្រូនិកបានផ្សព្វផ្សាយថា វាជាឧបករណ៍ផ្ដាច់បារីនិងគ្មានផលប៉ះពាល់ឡើយ»។

ដើម្បីបង្ការយុវជនពីការអូសទាញឲ្យប្រើប្រាស់ផលិតផលដ៏គ្រោះថ្នាក់នេះ បេក្ខជន បានស្នើសុំអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ ការនាំចូល ការចែកចាយលក់ និងការផ្សព្វផ្សាយផលិតផលនេះ ជាពិសេសលប់បំបាត់ការផ្សព្វផ្សាយ តាមប្រព័ន្ធបណ្ដាញសង្គម។
មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានរាយការណ៍ថា បារីអេឡិចត្រូនិកផ្ទុកសាធាតុ បង្កគ្រោះថ្នាក់ជាច្រើន ដែលអាចបង្កឲ្យមានជំងឺផ្លូរដង្ហើមរ៉ាំរ៉ៃ មិនតែប៉ុណ្ណោះ បារីអេឡិចត្រូនិកមានផ្ទុកនីកូទីន ដែលជាសារធាតុញៀន ហើយធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់មនុស្សវ័យក្មេង។ ម៉្យាងទៀត វាមិនមែនជាឧបករណ៍សម្រាប់ផ្ដាច់បារីនោះទេ ផ្ទុយទៅវិញវាជាឧបករណ៍ដែលនាំឲ្យមនុស្ស វ័យក្មេងដែលមិនធ្លាប់ ប្រើប្រាស់បារីសោះ ឲ្យឈានទៅរកការប្រើប្រាស់បារី ព្រមទាំងអាចនាំឱ្យអ្នកប្រើប្រាស់បារី អេឡិត្រូនិកឈានទៅ ប្រើប្រាស់គ្រឿងញៀនផ្សេងៗទៀត។

សូមបញ្ជាក់ថា កម្មវិធីប្រកួតវោហារស័ព្ទ ប្រធានបទ «ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា» ត្រូវបានរៀបចំឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណង ផ្ដល់ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាពប្រកួតវោហារស័ព្ទជាក្រុម និងលើកកម្ពស់ការសិក្សាស្រាវជ្រាវ សីលធម៌នៃការជជែកជាសាធារណៈ និងលើកកម្ពស់សុខភាពសិក្សា៕
