ស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច ខណៈប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួន ក្រោមដើមព្រីង។ដោយសមត្ថកិច្ចអះអាងថា សង្ស័យមានវិបត្តិផ្លូវចិត្ត។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩និង៤០នាទី ព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣ នៅចំណុភូមិខ្នុរ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសគិតខ្លីមានឈ្មោះស៊ូ ពុត អាយុ៤៥ឆ្នាំ មុខរបររោងចក្រ មានទីលំនៅភូមិស្វាយឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ជាបុរសពោះម៉ាយមានកូនប្រុសក្នុងបន្ទុកចំនួន២នាក់។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ ពីអាជ្ញាធរភូមិសមត្ថកិច្ចស្រុក បានសហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យ សាកសពរួច សមត្ថកិច្ចបានសន្និដ្ឋានថា ពិតជាស្លាប់ដោយសារចងករប្រាកដមែន ដោយបានយកក្រម៉ាចងករ និងដើមព្រីង ខណៈ មិនមានស្លាកស្នាមអ្វី ដែលសម្គាល់ជារឿងឃាតកម្ម នោះទេ។
យោងតាមស្ត្រីជាប្អូនស្រីបង្កើតបានរៀបរាប់ទាំងទឹកភ្នែកថាមុនពេលកើតហេតុមួយថ្ងៃអតីតប្រពន្ធដែលរត់ចោលរយះពេល៣ឆ្នាំមកហើយបានទូរសព្ទ័មកសួរសុខទុក្ខប្ដីហើយនិងសួររកកូននិយាយជាមួយប៉ុន្តែកូនមិននិយាយនោះទេ។
ប្រភពបន្តថាក្រោយមកមិនដឹងជានិយាយជាមួយអតីតប្រពន្ធតាមទូរសព្ទ័យ៉ាងម៉េចស្រាប់តែព្រឹកឡើងក៏មានការភ្ញាក់ផ្អើលថាចងកស្លាប់បាត់ទៅហើយ។
ក្រោយពិនិត្យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់ទៅឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។