ព័ត៌មានជាតិ

កម្ពុជា-ថៃ គ្រោងអនុញ្ញាតឲ្យ ទេសចរប្រទេសទាំងពីរ អាចបើកបរដោយខ្លួនឯង ឆ្លងទៅឆ្លងមក

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា-ថៃ នឹងពិនិត្យឡើងវិញ នូវការជំរុញឲ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯង ឆ្លងកាត់ទៅវិញទៅមក រវាងប្រទេសទាំងពីរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ។

នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃ២ មីនា ក្នុងឱកាសអនុញ្ញាតឲ្យ លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ ។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា «ភាគីទាំង២បានឯកភាពគ្នារៀបចំ ជំរុញភ្ញៀវទេសចរទៅវិញទៅមក និងការជំរុញភ្ញៀវទេសចរពីប្រទេសទី៣ ឲ្យបានទៅទស្សនានៅក្នុងប្រទេសទាំង២ ដែលធ្វើឡើងក្រោមយុទ្ធនាការ “ព្រះរាជាណាចក្រពីរគោលដៅទេសចរណ៍តែមួយ” ហើយភាគីទាំង២ ក៏បានសម្រេច និងពិនិត្យឡើងវិញនូវការជំរុញឲ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងផងដែរ» ។

ពាក់ព័ន្ធនឹងការពិនិត្យឡើងវិញ គាំទ្រឲ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា លោកនឹងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីសិក្សាធ្វើយ៉ាងណាជំរុញឲ្យមានទេសចរ អាចបើកបររថយន្តពីប្រទេសថៃចូលមកកម្ពុជា និងពីកម្ពុជាទៅថៃ អាចបើកបន្តទៅទស្សនាតាមតំបន់ទេសចរណ៍នានា តាមរយៈយន្តការប្រើបណ្ណព្រំដែន ព្រោះកន្លងមកថៃក៏បានអនុវត្ត ដូចគ្នារួចហើយដែរជាមួយនឹងប្រទេសឡាវ និងមីយ៉ាន់ម៉ា។

នៅក្នុងជំនួប ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានឯកភាពលើសំណើរបស់កម្ពុជា ក្នុងការងារជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ លើវិស័យទេសចរណ៍ផងដែរ។ ដោយឡែក ទាក់ទងនឹងវិស័យកីឡាវិញ លោក Cherdkiat ATTHAKOR ក៏បានថ្លែងកោតសរសើរលើ ការរៀបចំព្រឹត្តិការកីឡាស៊ីហ្គេមនៅកម្ពុជាឆ្នាំ២០២៣នេះ និងបានគាំទ្រ និងជូនពរកម្ពុជាការរៀបចំការប្រកួតកីឡានេះ ឲ្យទទួលបានជោគជ័យខ្ពស់ផងដែរ ៕

To Top