ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ឆ្នាំ២០២២ គឺជា​ឆ្នាំ​មិនធម្មតា​ សម្រាប់​សមរភូមិ​កា​រទូត ​របស់កម្ពុជា

ភ្នំពេញ​៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ឆ្នាំ២០២២ គឺជា​ឆ្នាំ​មិនធម្មតា​សម្រាប់​សមរភូមិ​កា​រទូត​គឺជា​ឆ្នាំ​ដែល​កម្ពុជា​ទទួល​តួនាទី​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​ក្នុងខណ​:​ដែល​មានការ​ប្រឈម​ធំៗ ស្មុគស្មាញ​ និង​ច្រើន​បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិ​នៃ​សហគមន៍តំបន់​​នេះ។នេះបេីយោងតាម​គេហទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច​តេជោ​។

ការលើកឡើងនេះធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ។

សម្ដេច​តេជោបានមានប្រសាសន៍បន្តទៀតថា «ឆ្នាំ២០២២ គឺជា​ឆ្នាំ​មិនធម្មតា​សម្រាប់​សមរភូមិ​ការ​ទូត​របស់​យើង គឺជា​ឆ្នាំ​ដែល​កម្ពុជា​ទទួល​តួនាទី​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​ក្នុងខណ​:​ដែល​មានការ​ប្រឈម​ធំៗ ស្មុគស្មាញ​ និង​ច្រើន​បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិ​នៃ​សហគមន៍តំបន់​យើង​នេះ​។​ទោះបី​កម្ពុជា​បាន​គ្រប់គ្រង​ដោយ​ជោគជ័យ​នៃ​ជម្ងឺ​រាតត្បាត​នូវ​ជំងឺ​កូ​វីដ​-១៩ និង​បើក​ប្រទេស​ឡើងវិញ​ហើយក៏​ដោយ ប៉ុន្តែ​លេចឡើង​នូវ​បរិបទ​ថ្មីៗ​នៅ​បន្ត​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ លើ​វិស័យ​សុខាភិបាល​សាធារណៈ ការប្រកួតប្រជែង​រវាង​មហាអំណាច​ធំ​បំផុត​ទាំង​២​កាន់​តែមាន​លក្ខណៈ​អួអាប់​ស្មុគស្មាញ​ឡើង​ទៀត​កាន់តែច្រើន​បង្ក​ជា​សម្ពាធ​កាន់តែ​ធ្ងន់ធ្ងរ​មកលើ​ប្រទេស​នានា​ក្នុង​តំបន់ ពិសេស​មកលើ​កម្ពុជា​យើង»។

សម្តេចតេជោបានមានប្រសាសន៍ទៀតថា ​វិបត្តិ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច​និង​មនុស្សធម៌​នៅ​មី​យ៉ាន់​ម៉ា នៅជាប​ញ្ហា​សម្រាប់​អាស៊ាន​ហើយ​បន្ទុក​ នៃ​ការជួយ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នេះ​ បាន​ធ្លាក់​មកលើ​កម្ពុជា​ ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ និង​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​។
​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ ​បន្ត​ធ្លាក់ចុះ​ដុនដាប​ដោយសារ​ការបាញ់​សាកល្បង​មី​ស៊ី​ល ​ក្នុង​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់មាន​ ក្នុង​ប្រវត្តិ​កូរ៉េខាងជើង។​ ក្នុងពេល​សភាពការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​ រក្សាបាន​ភាព​ស្ងប់ស្ងៀម​បង្គួរ បញ្ហា​តៃវ៉ាន់​បាន​ក្លាយទៅជា​ចំណុចក្តៅ​ក្នុង​ទំនាក់ទំនង​ចិន​-​អាមេរិក ពិសេស​បន្ទាប់ពី​ទស្សនកិច្ច​របស់​ប្រធានសភា​អាមេរិក​ដែល​កើតឡើង​ចំ​ថ្ងៃ​ដែល​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បើក​កិច្ចប្រជុំ​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​។​ ប៉ុន្តែ​រឿង​ដ៏​រន្ធត់​ផ្នែក​សណ្តាប់ធ្នាប់​អន្តរជាតិ ការធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​ប្រឆាំង​អ៊ុយ​ក្រែ​ន​ ដែល​មកដល់ពេលនេះ​បាន​បង្ក​ឲ្យ​ទាហាន​ និង​ជន​ស៊ីវិល​រាប់ម៉ឺន​នាក់ ​ស្លាប់ រាប់លាន​នាក់​ភៀសខ្លួន​ហើយ​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង​និង​ទ្រព្យសម្បត្តិ​ដ៏​សន្ធឹកសន្ធាប់​ត្រូវបាន​បំផ្លាញ​។​

​ព្រឹត្តិការណ៍​ដែល​បានកើត​ឡើង​ នៅ​តំបន់​ខាងលើ ​ពិតជា​បាន​ជះឥទ្ធិពល​ផ្ទាល់​ ឬ​ប្រយោល​មកលើ​កម្ពុជា​យើង​បង្ករ​ ជា​សម្ពាធ​ធ្ងន់ធ្ងរ​មកលើ​អធិបតេយ្យ ឯករាជ្យភាព អ​ព្យា​ក្រឹត្យ​ភាព​និង​ការសម្រេចចិត្ត​នានា​ ខាង​នយោបាយ​របស់​យើង​ទាំង ​ក្នុង​ក្របខណ្ឌ​ជាតិ​និង​អន្តរជាតិ​។

ប៉ុន្តែ​ដោយសារ​ការប្រកាន់​ខ្ជាប់ ​គោលនយោបាយ​ការបរទេស​មួយ ​ដែល​ឯករាជ្យ​ផ្អែកលើ​ច្បាប់​ ផ្អែកលើ​ផលប្រយោជន៍​ស្នូល ​របស់​ជាតិ​និង​ប្រជាជន​យើង យើង​បានប្រែក្លាយ​ការ​ប្រឈម​ឲ្យ ​ទៅជា​កាលានុវត្តភាព​និង​បានបង្ហាញ​ឲ្យ​ឃើញ​សុ​ឆន្ទៈ​ យ៉ាងពិត​ប្រាកដ​ក្នុង​ការគោរព​ច្បាប់​គោលបំណង​ និង​គោលការណ៍​ទាំងឡាយ ​នៃ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​។​

To Top