ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជា អាចចាកចេញពីចំណាត់ថ្នាក់ ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ ២០២៧ ហើយប្រសិនបើអ្វីៗ ដំណើរការដោយរលូន ការចាកចេញនេះ ស្របនឹងមហិច្ឆតា របស់រាជរដ្ឋាភិបាល។
នាឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំពេញអង្គនៃសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្រោមប្រធានបទ «Leaving No One Behind» នាពេលថ្មីៗនេះ នៅទីក្រុងដូហា ប្រទេសកាតា លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា «ប្រទេសកម្ពុជា បានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ LDC ហើយនឹងត្រូវបានវាយតម្លៃម្តងទៀតនៅដើមឆ្នាំ២០២៤ ហើយកម្ពុជាអាចចាកចេញពីចំណាត់ថ្នាក់ LDC នៅចុងឆ្នាំ ២០២៧ ប្រសិនបើអ្វីៗដំណើរការដោយរលូន ដែលការចាកចេញនេះ ស្របនឹងមហិច្ឆតារាជរដ្ឋាភិបាល ក្នុងការនាំកម្ពុជាឱ្យឈាន ដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០»។
លោករដ្ឋមន្ដ្រី បន្ដថា ទោះជាយ៉ាងណាក៏ដោយ ការចាកចេញពីចំណាត់ថ្នាក់ LDCនេះ នឹងនាំមកជាមួយបញ្ហាប្រឈមពាក់ព័ន្ធនឹង ការបាត់បង់អត្ថប្រយោជន៍ និងប្រព័ន្ធអនុគ្រោះមួយចំនួ នដែលយើងកំពុងទទួលបាននាពេលបច្ចុប្បន្ន។
ឆ្លៀតឱកាសនោះ លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ ក៏បានបញ្ជាក់អំពីតម្រូវការ ក្នុងការពង្រីកប្រភពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ ដោយវិធីពង្រីកដៃគូពាណិជ្ជកម្មកម្ពុជា បើកបណ្តាញសហប្រតិបត្តិការថ្មី ការស្វែងរកឧបករណ៍ហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិត និងការពង្រឹងយន្តការហិរញ្ញប្បទាន បៃតង៕