ព័ត៌មានជាតិ

សម្ដេច​ ស ខេង បញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទប់ស្កាត់ការសាងសង់ សំណង់លើដីសាធារណៈ ឬដីចំណីផ្លូវ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការទប់ស្កាត់នូវ រាល់ការសាងសង់សំណង់លើដីសាធារណៈ ដីចំណីផ្លូវ និងសំណង់គ្មានច្បាប់អនុញ្ញាត។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា រាជធានីភ្នំពេញ ដែលប៉ូលសេដ្ឋកិច្ចដ៏ចម្បងរបស់ជាតិ បាននិងកំពុទាក់ទាញការវិនិយោគពីបរទេស និងក្នុងស្រុក ដើម្បីអភិវឌ្ឍវិស័យដីធ្លី អចលនទ្រព្យ និងផលិតកម្ម សេវាកម្មនានា ដែលធ្វើឱ្យសន្ទុះនៃការអភិវឌ្ឍទីក្រុងមានការរីក ចម្រើនយ៉ាងឆាប់រហ័សក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានការ រីករាលដាលនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់នានា បណ្តាលមកពីការប្រែប្រួលនៃ សភាពការណ៍ពិភពលោកក៏ដោយ។

សម្ដេចក្រឡាហោម បន្ដថា ស្របពេលជាមួយការអភិវឌ្ឍរីកចម្រើនយ៉ាង លឿនរហ័សទាំងនេះ យើងក៏បានកត់សម្គាល់នូវបញ្ហាប្រឈម មួយចំនួនពាក់ព័ន្ធ គុណភាពបរិស្ថាន បញ្ហាអនាម័យ សោភ័ណភាពទីក្រុង និងបញ្ហាកកស្ទះចរាចរណ៍ ជាដើម។

សម្ដេចក្រឡាហោម បន្ថែមថា ដើម្បីធានាដល់ការអភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយនិរន្តភាព មានរបៀបរៀបរយ និងសោភ័ណភាពល្អ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងការគ្រប់គ្រងការ សាងសង់សំណង់គ្រប់ប្រភេទ ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ ស្ដីពីសំណង់ លិខិត បទដ្ឋានពាក់ព័ន្ធ និងបទដ្ឋានបច្ចេកទេស ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់តាម ប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថានល្អ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ព្រមជាមួយនេះ ត្រូវចាត់ វិធានការទប់ស្កាត់នូវ រាល់ការសាងសង់សំណង់លើដីសាធារណៈ ដីចំណីផ្លូវ និងសំណង់គ្មានច្បាប់អនុញ្ញាត ក៏ដូចសំណង់ទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់ដល់ សោភ័ណភាព សណ្ដាប់ធ្នាប់រៀបរយសាធារណៈ និងបរិស្ថានក្នុងទីក្រុង»៕

To Top