ព័ត៌មានជាតិ

អាជ្ញាធរ ទប់ស្កាត់បានល្អ នាំឲ្យគ្រោះថ្នាក់ចរាចរណ៍ថយចុះ ក្នុងខែកុម្ភៈ

ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ អាជ្ញាធរមានសមត្ថកិច្ច របស់រាជធានីភ្នំពេញដែលបាន យកចិត្តទុកដាក់បង្ការទប់ស្កាត់ បទល្មើសព្រហ្មទណ្ឌ និងគ្រោះថ្នាក់ចរាចរណ៍ ដោយបានថយចុះក្នុងខែកុម្ភៈកន្លង មកនេះ។

នេះជាការលើកឡើង របស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី១៥ មីនានេះ។

ក្នុងកិច្ចប្រជុំនេះ លោក ម៉ប់ សារិន ក៏បានកោតសរសើរផងដែរ ចំពោះការអនុវត្តច្បាប់ចរាចរ ដោយប្រើវិធានការអប់រំ ច្រើនជាងការផាកវិន័យ និងបានយកចិត្តទុកដាក់ អប់រំ ណែនាំ ក្នុងការរៀបចំសណ្តាប់ធ្នាប់បានល្អ ដល់អ្នកលក់ដូរចល័ត និងអ្នកលក់ដូរនៅនឹងកន្លែង។ ទន្ទឹមនេះ ក៏បានយកចិត្តទុកដាក់បង្ក្រាប បទល្មើស គ្រឿងញៀន និងក្មេងទំនើងដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់បានល្អផងដែរ។

ជាមួយគ្នានេះ តាមលោក ហុក ហួលីម នាយករដ្ឋបាលស្តីទីនៃរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌថយចុះ ៩.៦១%។ ក្នុងនោះក៏មានការបង្ក្រាបបទល្មើសជាច្រើនផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៤៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ បានពិនិត្យ និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៤៥ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ ពិនិត្យ និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។ ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្តីសម្រេច ស្ដីពីការកែសម្រួលប្រការ១ នៃសេចក្ដីសម្រេច ស្តីពីការកែសម្រួលសមាសភាព គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ។ ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការកែសម្រួលប្រការ១ ស្តីពីការកែសម្រួលសមាសភាព គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស។ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងពិន្ទុសូចនាករ កម្មវិធីពានរង្វាន់សេវាសង្គម នៅថ្នាក់រាជធានីភ្នំពេញ ឆ្នាំ២០២២ (ទម្រង់“រខ១”ពិន្ទុសូចនាកររាជធានី ខេត្ត៕

To Top