ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃណែនាំអាជ្ញាធរ ត្រូវបង្កលក្ខណៈងាយស្រួល ដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសផ្តល់ភាពអនុគ្រោះសម្រាប់ការវិនិយោគ តាមរយៈការអនុវត្តច្បាប់ ស្តីពីវិនិយោគ នៅកម្ពុជា។

នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ សម្ដេច ស ខេង បានថ្លែងថា «រដ្ឋបាលខេត្តត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគ ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសផ្តល់ភាពអនុគ្រោះសម្រាប់ការវិនិយោគ តាមរយៈការអនុវត្តច្បាប់ ស្តីពីវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់សិទ្ធិអំណាចដល់រដ្ឋបាលខេត្តមានសិទ្ធិសម្រេច អនុញ្ញាតការវិនិយោគក្នុងទុនវិនិយោគដែលមានទំហំទឹកប្រាក់មិនលើសពី ៥លានដុល្លារសហរដ្ឋអាមេរិក»។

សម្ដេច បន្ដថា ពិសេស ត្រូវបន្តខិតខំកៀរគរ និងលើកទឹកចិត្តដល់ការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម វិស័យទេសចរណ៍ និងសហគ្រាសធុនតូច និងមធ្យម សម្រាប់បង្កើតឱកាសការងារ ប្រាក់ចំណូល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លើសពីនេះ សម្ដេច បន្ថែមថា អាជ្ញាធរ ត្រូវ ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន, ការគ្រប់គ្រងធនធានធម្មជាតិ, ការផ្តល់សេវាសាធារណៈ និងការដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ ដោយបានលើកទឹកចិត្តរដ្ឋបាលខេត្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងគុណភាពផ្តល់ ការគាំទ្រដល់យន្តការច្រកចេញចូលតែមួយទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីលើកកម្ពស់ការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធ ផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ។

នាឱកាសនោះ សម្ដេច ក៏បានណែនាំបន្ថែមឲ្យរដ្ឋបាលខេត្តត្រូវដឹកនាំសម្របសម្រួលជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ពន្លឿនការផ្ទេរសេវានានា ដែលនៅសេសសល់មកឲ្យអង្គភាពច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការស្នើសុំ និងទទួលបាននូវសេវានានានៅកន្លែងតែមួយ ហើយទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់ដោះស្រាយសំណើ សំណូមពរ បណ្តឹង និងការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋ និងការពង្រឹងរបៀបរបបការងារ៕

To Top