ព័ត៌មានជាតិ

ធនាគារជាតិកម្ពុជា ៖ ឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោក ខាតបង់ ៣១៣ប៊ីលានដុល្លារ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានអះអាងថា នៅឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោក មានការខាតបង់ប្រមាណ ៣១៣ ប៊ីលានដុល្លារប្រហាក់ប្រហែលនឹង ០,៣% នៃផ.ស.សពិភពលោក ដោយសារគ្រោះមហន្តរាយធម្មជាតិ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីសន្និសីទម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំលើកទី១០ ឆ្នាំ២០២៣ ស្ដីពី ”ហានិភ័យអាកាសធាតុ និងអន្តរកាលឆ្ពោះទៅកាន់ សេដ្ឋកិច្ចបៃតង ” របស់ធនាគារជាតិកម្ពុជា នៅថ្ងៃ១៥ មីនា បានឲ្យដឹងថា “ការប្រែប្រួលអាកាសធាតុ បានកើតឡើងកាន់តែញឹកញាប់ និងបានបង្កជា ហានិភ័យសង្គម សេដ្ឋកិច្ចចម្បងមួយ ។ ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោក មានការខាតបង់ប្រមាណ ៣១៣ ប៊ីលានដុល្លារ ប្រហាក់ប្រហែលនឹង ០,៣% នៃផ.ស.សពិភពលោក ដោយសារគ្រោះមហន្តរាយ ធម្មជាតិ” ។

ប្រភពថា ការប្រែប្រួលអាកាសធាតុ បានក្លាយជាប្រធានបទយ៉ាងសំខាន់ទាំងក្នុងក្របខណ្ឌជាតិ និង អន្តរជាតិ។ កម្ពុជាបានរួមចំណែកយ៉ាង សកម្មក្នុងកិច្ចការពារបរិស្ថាន និងទប់ស្កាត់ការប្រែប្រួល អាកាសធាតុ ទាំងនៅក្នុងប្រទេស ព្រមទាំងក្របខណ្ឌ ពិភពលោកនិងតំបន់ ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តផែនការ យុទ្ធសាស្ត្រការប្រែប្រួលអាកាសធាតុឆ្នាំ២០១៤-២០២៣ ដើម្បីកំណត់ទស្សនវិស័យ សម្រាប់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង ។

ជាមួយគ្នានោះដែរ ធនាគារជាតិ នៃកម្ពុជាបានវិនិយោគមួយផ្នែកនៃទុនបម្រុងរបស់ខ្លួន លើសញ្ញាប័ណ្ណបៃតង និងបានក្លាយជាសមាជិក នៃគណៈកម្មការមូល និធិសញ្ញាប័ណ្ណបៃតងក្នុងតំបន់អាស៊ី ។ អន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង ត្រូវបានគេឲ្យនិយមន័យថា ជាការផ្លាស់ប្ដូរសង្គមនិង សេដ្ឋកិច្ច ក្នុងបរិបទនៃការរក្សាចីរភាពបរិស្ថាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់ រក្សាបាននូវសុខុមាលភាពសង្គម និងបង្កើនកម្រិតជីវភាព របស់ប្រជាពលរដ្ឋ។

ធនាគារជាតិបានលើកឡើងថា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ លើបញ្ហាខាងលើ ធនាគារជាតិកម្ពុជាបានជ្រើសរើស ប្រធានបទស្រាវជ្រាវ សម្រាប់សន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១០ ឆ្នាំ២០២៣ ស្តីពី “ហានិភ័យ អាកាសធាតុ និងអន្តរកាលឆ្ពោះទៅ កាន់សេដ្ឋកិច្ចបៃតង”។

បន្ទាប់ពីការស្រាវជ្រាវត្រូវបានបញ្ចប់ ធនាគារជាតិកម្ពុជា នឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី១០ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយលទ្ធផល ស្រាវជ្រាវ និងពង្រឹងបណ្តាញទំនាក់ទំនងក្នុងការងារស្រាវជ្រាវ។ សន្និសីទម៉ាក្រូសេដ្ឋកិច្ចនេះ ក៏មានការចូលរួមពីអ្នកជំនាញ អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិផងដែរ៕

To Top