ព័ត៌មានអន្តរជាតិ

បទអត្ថាធិប្បាយ ៖ ការបង្កើនកម្លាំង សេដ្ឋកិច្ចសកលរបស់ចិន អនុវត្តតាមនិយាម វិទ្យាសាស្រ្តសុខាភិបាល

ដោយប្រកាន់ខ្ជាប់ នូវគោលបំណងដើម របស់ខ្លួនដោយឥតងាករេ ក្នុងជំហានទៅកាន់ការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចរបស់ខ្លួន ដើម្បីសម្រេចបាន នូវទំនើបកម្ម សង្គមនិយមជាមូលដ្ឋាន ចិនបានខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការធ្វើឱ្យប្រសើរឡើងនូវចរន្តនៃសេដ្ឋកិច្ចសកល ហើយរួមចំណែកយ៉ាងសកម្មនិង សំខាន់នៅក្នុងការទទួលដំណើរ វិលត្រឡប់មកកាន់ប្រក្រតីភាព តាមគន្លងថ្មីនិងកាន់តែប្រសើរ នូវសេដ្ឋកិច្ចសកលដូចមុន មានវត្តមាន របស់ជំងឺរាតត្បាត ជាសកល Covid-19 ។ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នេះ ធរមានភាព នៃការកែសម្រួលរបស់រដ្ឋាភិបាលចិន លើវិធានការគ្រប់គ្រងកូវីដ១៩ ដែលមានលក្ខណៈវិនិច្ឆ័យ ស្របតាមនិយាម វិទ្យាសាស្រ្តសុខាភិបាល គឺជាចំណុចវិជ្ជមានដ៏ល្អត្រឹមត្រូវ សម្រាប់ប្រជាជាតិចិន និងសម្រាប់មនុស្សជាតិ នៅទូទាំងពិភពលោកទាំងមូល ។

ដោយតែងតែបានចាត់ទុកសុខភាព របស់មនុស្សជាតិជាអាទិភាព ចិនជានិច្ចកាលឈរ នៅលំដាប់ទី១ ក្នុងការចូលរួមអនុវត្ត តាមវិធានសុខាភិបាល ការគ្រប់គ្រងយ៉ាងល្អប្រសើរ នូវស្ថានភាពនៃជំងឺឆ្លង ការផ្តល់ជំនួយសម្ភារៈ បច្ចេកវិទ្យា បច្ចេកទេស និង ក្រុមវេជ្ជសាស្រ្តជួយ ថែរក្សាសុខុមាលភាព របស់មនុស្សជាតិ ។ ការណ៍ដែលមនុស្សជាតិ នៅលើពិភពលោក អាចរស់ នៅតាមបែបភាពស៊ាំ ក្នុង សហគមន៍ និងតាមប្រក្រតីភាព គន្លងថ្មី ស្របតាមនិយាម វិទ្យាសាស្ត្រសុខាភិបាល គឺជាសច្ចភាព ដែលមិនអាចបដិសេធ បានថា មានមួយផ្នែកធំជាកិច្ចខិតខំរបស់ចិន ជាក់ស្តែង ដូចជាការផ្តល់ជំនួយវ៉ាក់សាំង ជាឧទាហរណ៍ដែលពិភពលោក តែងអរគុណជាប់ជានិច្ច ដល់ប្រទេសចិន ។

ដោយបង្កើនឫទ្ធានុភាព នៃការអភិវឌ្ឍសេដ្ឋកិច្ចសកល ការចរាចរណ៍ របស់ជនជាតិចិនទៅកាន់បរទេស ក៏ដូចជាការចរាចរណ៍ ជនបរទេសទៅ កាន់ប្រទេសចិន គឺជាលក្ខខណ្ឌចាំបាច់ និងជាសារវន្ត ។ ជនជាតិចិន ដែលបានបំពេញធុរកិច្ច ទេសចរណ៍ និងទស្សនកិច្ចនៅបរទេស បានពាំនាំយកមក ជូនពិភពលោក នូវកំណើនពាណិជ្ជកម្ម អតិបរិមាណដ៏ប្រសើរនៃធនធានមូលធន ទំនើបកម្មបច្ចេកវិទ្យា បរិមាណមហាសាល នៃធនធានមនុស្ស កំណើនប្រាក់ចំណូលទាំងជាតិ និងទាំងប្រជាជន ហើយដែលពិភពលោកទាំងមូល កំពុងទន្ទឹងរង់ ចាំយ៉ាងអន្ទះសារ។ បន្ថែមពីស្នូរទះដៃអបអរសាទរ ដល់លទ្ធផល នៃសមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន ដែលបានបិទបញ្ចប់ កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ នោះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ពិភពលោកនឹង បន្តទះ ដៃអបអរសាទរ ជាមួយនិងសមិទ្ធផល នៃការកែសម្រួល របស់រដ្ឋាភិបាលចិន លើវិធានការគ្រប់គ្រងកូវីដ១៩ ដើម្បីទទួលដំណើរមកដល់ របស់ប្រជាជនចិន ទៅកាន់បណ្តាប្រទេសនានា ក្នុងពិភពលោកប្រយោជន៍បង្កើន កម្លាំងដល់សេដ្ឋកិច្ចសកល ។

ដោយភក្តីភាព ចំពោះស្មារតីបើកចំហ សម្រាប់បង្កើនល្បឿន នៃគំនិតផ្តួចផ្តើមអភិវឌ្ឍសកល ប្រទេសចិនបាន ប្តេជ្ញាយ៉ាងមុតមាំ និងប្រកាន់ជំហយ៉ាងរឹងមាំ នៅក្នុងកិច្ចប្រកៀកស្មារ ជាមួយបណ្តាប្រទេសទាំងអស់ នៅក្នុងពិភពលោក ដើម្បីពង្រីកកំណើន សេដ្ឋកិច្ច របស់ពិភពលោក ក្នុងទិសដៅ នៃការកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ ។ ស្មារតីពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ គឺជាគុណតម្លៃស្នូល និងជាហ្សែន របស់ជនជាតិចិន ដែលខិតខំជំរុញវឌ្ឍនភាព នៃការកសាងសកលលោកមួយដែលមានសន្តិភាពជានិរន្តរ៍ សន្តិសុខជាទូទៅ វិបុលភាពរួម បើកទូលាយនិងបរិយាបន្ន ។ ល្បឿនរបស់ចិន នៃការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត សម្រាប់បម្រើដល់វិស័យស៊ីវិល គឺជាទឡ្ហីករណ៍យ៉ាងច្បាស់លាស់ នៅក្នុងការរួមចំណែកពង្រឹងនិង ពង្រីកអរិយធម៌វិបុលភាព របស់មនុស្សជាតិ។

ក្នុងនាមជាមិត្តដែកថែបរបស់ចិន កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ការ មកដល់របស់ប្រជាជនចិន ដែលនឹងផ្តល់នូវកំណើន សេដ្ឋកិច្ចរបស់កម្ពុជាដោយរួមទាំង ការពង្រីកទំហំនិង ទម្ងន់នៃមាសបៃតងរបស់កម្ពុជា តាមរយៈកំណើនទេសចរ ជនជាតិចិន។ ជាតួលេខឈរនៅចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងតារាង ដែលប្រជាជនកម្ពុជាទន្ទេញយ៉ាងចាំស្ទាត់នោះ គឺទេសចរចិន មកកម្ពុជានៅឆ្នាំ២០១៩ មានជាង២.៣លាននាក់ ស្មើនឹង៣៥.៧%នៃទេសចរអន្តរជាតិសរុប (៦.៦លាននាក់) គិតជាចំណូលស្មើប្រមាណ១៨០០លានដុល្លារអាមេរិក លើចំណូលទេស ចរណ៍សរុបប្រមាណ៥ប៊ីលានដុល្លាររបស់កម្ពុជា ខណៈដែលឆ្នាំ២០១៩ កម្ពុជាក៏ទទួល បានវិនិយោគគិនចិនលើ វិស័យពាក់ព័ន្ធនឹង ទេសចរណ៍ប្រមាណជាង ៥០% នៃទុនវិនិយោគបរទេស (FDI) សរុបរបស់កម្ពុជា ។ ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព Every Day Is A Wonder» ក្រសួងទេសចរណ៍នឹង ដាក់ចេញយុទ្ធនាការមេត្រីភាពទេសចរចិន «កម្ពុជា-ចិនមិត្តល្អ» ដើម្បីទទួលទេសចរចិនចាប់ពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ ដោយកម្ពុជា បានរំពឹងទុកជាមុនថា សក្តានុពលយ៉ាងធំ នៃវិនិយោគិន និងទេសចរចិនមកកម្ពុជា នឹងរួមចំណែកដល់ការរីកចម្រើន នៃវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

To Top