ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ តើអ្នកណា ជាជើងចាស់ ក្នុងការបង្កការគំរាម កំហែងខាងសេដ្ឋកិច្ច? ការពិតជាក់ស្តែង គឺបានបញ្ជាក់យ៉ាង ល្អបំផុត

ពេលថ្មីៗកន្លងទៅនេះ ពេលចូលរួមសន្និសីទ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្តាល នៃប្រទេស G7 លោកស្រី Janet Yellen រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បានអំពាវនាវឱ្យចាត់ “សកម្មភាពសម្របសម្រួល” ដើម្បីប្រឆាំងនឹងអ្វី ដែលហៅថា “ការគំរាមកំហែងខាងសេដ្ឋកិច្ច”របស់ចិន ។ នេះគឺជាពាក្យសម្តីដែល “ចោរស្រែកចាប់ចោរ” ។ តើអ្នកណាជាជើងចាស់ ក្នុងការបង្កការគំរាមកំហែង ខាងសេដ្ឋកិច្ច អ្នកណាជាអ្នករងគ្រោះ? ការពិតជាក់ស្តែង គឺបានបញ្ជាក់យ៉ាងល្អបំផុត ។

និយមន័យ “ការគំរាមកំហែង” ក្នុងទំនាក់ទំនង អន្តរជាតិ គឺប្រឌិត ដោយសហរដ្ឋអាមេរិក ។ ស្នូល នៃនិយមន័យនេះ គឺសហរដ្ឋអាមេរិក ឆ្លៀតឱកាសប្រើប្រាស់ ការគំរាមកំហែង ដោយកម្លាំងបាយ ធ្វើនយោបាយឯកោនិយម ដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ច និងបំបិទផ្លូវ ផ្នែកបច្ចេកវិទ្យាជាដើម ដើម្បីបង្ខំឱ្យប្រទេសដទៃទៀតមានការផ្លាស់ប្តូរ តាមសំណូមពររបស់ភាគីអាមេរិក ក៏ដូចជាគាំពារអនុត្តរភាពរបស់សហរដ្ឋអាមេរិកក្នុងកម្រិតអតិបរមា ។
ក្នុងនាមជាចំណែកមួយនៃ “ការទូតបែបគំរាមកំហែង” របស់សហរដ្ឋអាមេរិក “ ការគំរាមកំហែងខាងសេដ្ឋកិច្ច” គឺជាប៉ាតង់ របស់សហរដ្ឋអាមេរិក ។ ដូចឥស្សរជនវិភាគ លើកឡើងថា ភាគីអាមេរិកគឺចង់ទទួលបាន “ថ្នូរនយោបាយ” មួយក្នុងកិច្ចសហប្រតិបត្តិការនិងការចរចា ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មនិង ហិរញ្ញវត្ថុ រវាងចិននិងអាមេរិក ដែលបង្ខំឱ្យប្រទេសចិន បន្ធូរបន្ថយគោលជំហរ តាមរយៈការនិយាយមួលបង្កាច់ ទម្លាក់កំហុសតែផ្តាស ។

មជ្ឈដ្ឋានខាងក្រៅ បានកត់សម្គាល់ឃើញថា ពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានអាមេរិក បានផ្សាយដំណឹងឥតឈប់ឈរថា សហរដ្ឋអាមេរិកនឹង ប្រកាសពីក្បួនច្បាប់ដាក់កំហិតលើការវិនិយោគនៅប្រទេសចិនដែលមិនធា្លប់មានក្នុងប្រវត្តិសាស្ត្រ នៅពេលមុនឬក្រោយកិច្ចប្រជុំកំពូលប្រទេស G7 ឆ្នាំនេះ ដែលពាក់ព័ន្ធនឹង វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់ដូចជាវត្ថុពាក់កណ្តាលចម្លង ភាពវៃឆ្លាតសិប្បនិមិត្ត និងការគណនាកង់ទិចជាដើម ។ ប្រសិនបើដំណឹងនេះ គឺពិតប្រាកដ នោះនឹងក្លាយជាភស្តុតាង មួយទៀត ដែលសហរដ្ឋអាមេរិក បង្កការគំរាមកំហែង ខាងសេដ្ឋកិច្ច ចំពោះប្រទេសចិន និងទប់ស្កាត់ការអភិវឌ្ឍរបស់ចិន ។

តាមការពិត ការទប់ស្កាត់បច្ចេកទេស ជាមធ្យោបាយ ដែលសហរដ្ឋអាមេរិក តែងតែប្រើប្រាស់ជាប្រចាំ ក្នុងការគំរាមកំហែងខាងសេដ្ឋកិច្ច ។ ក្រៅពីនេះ ការដាក់ទណ្ឌកម្ម ដោយឯកតោភាគី ក៏ជាមធ្យោបាយគំរាមកំហែងខាងសេដ្ឋកិច្ច ដែលភាគីអាមេរិក ប្រើប្រាស់យ៉ាងអនាធិបតេយ្យផងដែរ ។ សហរដ្ឋអាមេរិក បង្កការគំរាមកំហែង ខាងសេដ្ឋកិច្ច ដែលសូម្បីតែសម្ព័ន្ធមិត្ត ក៏មិនលើកលែងដែរ ។ ជាពិសេស ចាប់តាំងពី ទស្សវត្សរ៍៨០ឆ្នាំ នៃសតវត្សរ៍មុនមក សហរដ្ឋអាមេរិក បានធ្វើការដាក់ ទណ្ឌកម្មខាងសេដ្ឋកិច្ច ទៅលើជប៉ុនជាច្រើនលើក ដាក់សម្ពាធលើឧស្សាហកម្ម ដែលមានឧត្តមភាព របស់ជប៉ុនដូចជាវត្ថុពាក់កណ្តាល ចម្លង ជាដើមដោយវិធីគ្រប់បែបយ៉ាង សឹងតែជំរុញការធ្វើការ ផ្លាស់ប្តូរយ៉ាងខ្លាំង ចំពោះរចនាសម្ព័ន្ធសេដ្ឋកិច្ចជប៉ុន ដែលអាចហៅថា ការគំរាមកំហែងខាងសេដ្ឋកិច្ចដូចសៀវភៅបង្រៀន ។ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃប្រទេស G7 ឆ្នាំនេះ ជប៉ុនគួរមិនមែនធ្វើភ្លេចភ្លាំងនោះទេ?

សូមងាកមកមើល 《សេចក្តីព្រាងច្បាប់ស្តីពីការ កាត់បន្ថយអតិផរណា》 ដែលសហរដ្ឋអាមេរិក បានដាក់ចេញនាពេលបច្ចុប្បន្ននេះ ។ ឥស្សរជនវិភាគ បានលើកឡើងថា សហរដ្ឋអាមេរិក បានប្រើវិធីផ្តល់ប្រាក់ឧបត្ថម្ភកធន ដោយទុច្ចរិតក្នុងការទូទាត់និងលុបចោលពន្ធដារ ដើម្បីគាំទ្រផលិតផល ថាមពលស្អាតដែលផលិត ដោយប្រទេសខ្លួន គឺចង់បង្ខំឱ្យ សហគ្រាសបរទេស ធ្វើការជ្រើសរើសរវាងការរងារ ការរើសអើងពីទីផ្សារ និងការវិនិយោគនៅសហរដ្ឋអាមេរិក ។

មិនយូរប៉ុន្មាន កិច្ចប្រជុំកំពូល នៃប្រទេស G7 ជិតនឹងបើកធ្វើ ហើយ រដ្ឋសមាជិកជាច្រើនក្នុងក្រុម តូចនេះសុទ្ធតែជាជនរងគ្រោះ ពីការគំរាមកំហែង ខាងសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក ។ ប្រសិនបើសហរដ្ឋអាមេរិក ទទូចដាក់បញ្ចូល “ ការទប់ទល់នឹងការគំរាម កំហែងខាងសេដ្ឋកិច្ច” ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល នោះ ស្នើឱ្យពួកគេគិតពិចារណាពីអ្វី ដែលបានកើតឡើងលើខ្លួនឯងសិន តវ៉ាចំពោះទង្វើរបស់អាមេរិក កុំធ្វើតាមទាំងងងឹតងងុល ហើយក្លាយជាអ្នកសមគំនិតឱ្យសោះ ៕

To Top