ព័ត៌មានជាតិ

ឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចកម្ពុជា អាចសម្រេចបាន ក្នុងរង្វង់៥,៦%

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ថា ឆ្នាំ២០២៣ ខាងមុខនេះ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវ បាន ព្យាករណ៍ ថានឹងអាចសម្រេចបានក្នុងរង្វង់ ៥,៦% ដោយផ្អែកលើកំណើន នៃតម្រូវការក្រៅប្រទេស និងការកើនឡើងវិញ នៃការវិនិយោគទាំងក្នុងប្រទេស ព្រមទាំងក្រៅប្រទេស ។ នេះបើយោង តាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងសេដ្ឋកិច្ច។

នាឱកាសទទួលជួបលោកស្រី Kanni Wignaraja ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នារសៀលថ្ងៃទី១២ កញ្ញា នៅទីស្តីការក្រសួង លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣» ជាមួយនិងទស្សនវិស័យនៃការចាកចេញពីវិបត្តិនៃជំងឺកូដ-១៩ ក្នុងភាពរឹងមាំ និងការវិលត្រលប់ទៅរកមាគ៌ានៃកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព ។

លោក បន្ដថា យុទ្ធសាស្ត្រនេះ នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាព សម្រាប់ការពង្រឹងសក្តានុពល នៃចន្ទុល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យរស់រវើកឡើង ដូចជា៖ ចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មី ដែលកំពុងលេចឡើងស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់កំណើន ប្រកបដោយចិរភាព និងដែលកាន់តែពិពិធកម្ម ក៏ដូចជា៖ ដើម្បីកសាងភាពធន់ដ៏រឹងមាំនៃសង្គម-សេដ្ឋកិច្ច។

ផ្ទាំងពាណិជ្ជកម្ម

លោក បញ្ជាក់ថា «ជាក់ស្តែងសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២២ ត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញ និងសម្រេចបានកំណើនក្នុងរង្វង់ ៣,០% ហើយសម្រាប់ឆ្នាំ ២០២៣ ត្រូវបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនឹងអាចសម្រេចបានក្នុងរង្វង់ ៥,៦% ដោយផ្អែកលើកំណើននៃតម្រូវការក្រៅប្រទេស និងការកើនឡើងវិញ នៃការវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយរំពឹងថាការ រីករាលដាលនៃជំងឺកូវីដ-១៩ នឹងមានភាពគួរស្រាល ដោយសារការទទួលបានការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយនៅកម្ពុជា និងស្របពេលកម្ពុជាបន្ត សម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី (new normal)»។

លោកស្រី Kanni Wignaraja បានអបអរសាទរជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងយុទ្ធនាការ ចាក់វ៉ាក់សាំងទូទាំងប្រទេស តាមគោលដៅក្នុងល្បឿនលឿន ដែលអនុញ្ញាតឱ្យកម្ពុជា អាចចាប់ផ្ដើមបើកសកម្មភាព សេដ្ឋកិច្ចឡើងវិញ ជាបណ្តើរៗ ដែលនេះ គឺជាការព្យាយាម កសាងតុល្យភាពរវាងការការពារ សុខភាព និងអាយុជីវិតរបស់ប្រជាជន និងការចាប់ផ្ដើមសកម្មភាព ស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ ៕

To Top