Feature

គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកលផ្តល់សារៈសំខាន់ដល់ប្រទេសសាកលខាងត្បូង និងការ​ អភិវឌ្ឍដោយឯករាជ្យ

ក្នុងបរិបទដែលពិភពលោកកំពុងធ្វើការផ្លាស់ប្តូរទៅរកពហុប៉ូលនិយម គ្មានប្រទេសណាមួយអាចគ្រប់គ្រងទិសដៅ និង កិច្ចការពិភពលោកតែឯកឯងបាននោះទេ ការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចសាកល ដើម្បីឆ្លើយតបទៅនឹងការពិតជាក់ស្តែងរបស់ពិភពលោក បានក្លាយជាកិច្ចការចាំបាច់។ ក្នុងបរិបទនេះ ប្រទេសចិនបានលើកឡើងនូវ គំនិតផ្តួចផ្តើមចំនួន៤ គឺគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល គំនិតផ្តួចផ្តើមសន្តិសុខសាកល គំនិតផ្តួចផ្តើមអរិយធម៌សាកល និង គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល។

ក្នុងចំណោមនេះ គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល កំពុងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសនានានៅសាកលខាងត្បូង ដោយសារតែភាពសំខាន់របស់វា បានធ្វើឱ្យប្រទេសទាំងនោះមានចំណាប់អារម្មណ៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ។ ចំណុចសំខាន់ៗទាំង៦ គឺ ទី១ តម្រូវការកែទម្រង់ស្ថាប័ន​ពិភពលោកឱ្យឆ្លើយតបនឹងតុល្យភាពអំណាចថ្មី ទី២ គោលការណ៍សមភាព​អធិបតេយ្យភាព​និងការគោរពច្បាប់អន្តរជាតិ ​ទី៣ គំរូអភិវឌ្ឍន៍ដែលគោរពអធិបតេយ្យភាពនិងមិនតម្រូវឱ្យចម្លងតាមម៉ូដែលក្រៅ ទី៤ ការភ្ជាប់គ្នារវាងការអភិវឌ្ឍនិងសន្តិសុខ ទី៥ ការឆ្លើយតបនឹងបំណងប្រាថ្នាដើម្បីភាពស្វយ័តនិងស្ថិរភាពក្នុងតំបន់ និង ទី៦ ចក្ខុវិស័យពហុប៉ូលបែប​សហប្រតិបត្តិការ។​

រចនាសម្ព័ន្ធអភិបាលកិច្ចសាកលបច្ចុប្បន្នភាគច្រើននៅតែឆ្លុះបញ្ចាំងពីការពិតប្រវត្តិសាស្ត្រចាស់ ខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍បានក្លាយជាកម្លាំងជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនវានុវត្តន៍ពិភពលោក។ គម្លាតរវាងការផ្លាស់ប្តូរអំណាចជាក់ស្តែង​ និង ការរៀបចំស្ថាប័នមួយឬយន្តការមួយប្រកបស្ថិរភាព បានក្លាយជាបញ្ហាប្រឈមស្នូល​មួយ​នៃនយោបាយអន្តរជាតិសព្វថ្ងៃ។ គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល​ បានលេចចេញ

ជាការចូលរួមចំណែកគួរឱ្យកត់សម្គាល់ចំពោះការពិភាក្សាអំពីអនាគតនៃសណ្តាប់ធ្នាប់អន្តរជាតិ ព្រោះវាមិនត្រឹមតែឆ្លុះបញ្ចាំងឥទ្ធិពលរបស់ចិនដែលកំពុងតែរីកចម្រើនប៉ុណ្ណោះទេ ​ថែមទាំងព្យាយាមឆ្លើយតបនឹងសំណួរស្នូល៖ តើអភិបាលកិច្ចសាកលអាចសម្របខ្លួនទៅនឹងការពិតសតវត្សទី២១ដោយរបៀបណា ខណៈគំនិតផ្តួចផ្តើមនៅតែរក្សាបាននូវស្ថិរភាព ការអភិវឌ្ឍ និងការចូលរួមកាន់តែទូលំទូលាយក្នុងការសម្រេចចិត្តអន្តរជាតិ។

សម្រាប់ប្រទេសតូចៗ និងកំពុងអភិវឌ្ឍន៍​ គោលការណ៍ស្នូលមួយរបស់គំនិតផ្តួចផ្តើមអភិបាលកកិច្ចសាកល បានទាក់ទាញចំណាប់អារម្មណ៍បំផុត ដោយការសង្កត់ធ្ងន់លើសមភាពអធិបតេយ្យភាពរវាងរដ្ឋជាតិទាំងអស់ និងការគោរពច្បាប់អន្តរជាតិ។ អភិបាលកិច្ចសាកលមិនគួរមានតែសម្រាប់រដ្ឋាភិបាល ឬសម្រាប់តែក្រុមប្លុកជាក់លាក់ណាមួយឡើយ ថែមទាំងត្រូវផ្តោតលើប្រជាជនផងដែរ។ បទពិសោធអភិវឌ្ឍន៍​ផ្ទាល់ខ្លួនរបស់ចិនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក ក៏ជាកត្តាមួយធ្វើឱ្យប្រទេសសាកលខាងត្បូងមានទំនុកចិត្តចំពោះគំនិតផ្តួចផ្តើមនេះ។ ដោយផ្អែកលើបទពិសោធអភិវឌ្ឍន៍ជាច្រើនទសវត្សរ៍ ចិនបានផ្តល់ជូនប្រទេសកំពុងអភិវឌ្ឍន៍​នូវផ្លូវថ្មីមួយឆ្ពោះទៅរកទំនើបភាវូបនីយកម្ម ដែលរក្សានូវអធិបតេយ្យភាព និងឯករាជ្យភាព ជៀសវាងការចម្លងតាមម៉ូដែលបរទេសដោយងងឹតងងល់ និងសម្រេចបានការអភិវឌ្ឍដោយមិនជាប់ជំពាក់ការជ្រៀតជ្រែកពីខាងក្រៅ។ គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកលបានឆ្លុះបញ្ចាំងគោលដៅកសាងសណ្តាប់ធ្នាប់អន្តរជាតិដែលមានយុត្តិធម៌ និងសមធម៌ជាងមុន ព្រមទាំងផ្តល់​នូវចក្ខុវិស័យរយៈពេលវែងសម្រាប់សហគមន៍អន្តរជាតិ។

ចំណុចមួយទៀតដែលមានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសនៅអាហ្វ្រិក អាស៊ី និងមជ្ឈិមបូព៌ា គឺវិធីសាស្ត្ររបស់គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល​ គឺការភ្ជាប់គ្នារវាងការអភិវឌ្ឍន៍ និងសន្តិសុខ ដែលបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្នមិនត្រឹមតែកើតចេញពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយប៉ុណ្ណោះទេ ថែមទាំងកើតចេញពីគម្លាតអភិវឌ្ឍន៍

សម្ពាធធនធាន និងវិសមភាពសេដ្ឋកិច្ចផងដែរ។ សម្រាប់ប្រទេសជាច្រើននៅតំបន់ទាំងនេះ ការអភិវឌ្ឍមិនអាចញែកចេញពីសន្តិសុខបានឡើយ ព្រោះការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ការកាត់បន្ថយភាពក្រីក្រ បរិវត្តកម្មបច្ចេកវិទ្យា សន្តិសុខស្បៀង និងសន្តិសុខថាមពល សុទ្ធតែជាមូលដ្ឋានគ្រឹះនៃស្ថិរភាពរយៈពេលវែង។ បទពិសោធមជ្ឈិមបូព៌ាបង្ហាញយ៉ាងច្បាស់ថា ដំណោះស្រាយយោធាតែឯមិន​អាចដោះស្រាយវិវាទនយោបាយស្មុគស្មាញឡើយ ហើយស្ថិរភាពប្រកបដោយចីរភាពទាមទារឱកាសសេដ្ឋកិច្ច កំណើនរួម និងការសន្ទនាបន្តបន្ទាប់។

ចំពោះតំបន់អាស៊ីកណ្តាល គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកលត្រូវបានចាត់ទុកថាស៊ីគ្នាទៅនឹងគោលដៅស្វែងរកការអភិវឌ្ឍដោយឯករាជ្យ និងស្ថិរភាពប្រកបដោយចីរភាពក្នុងតំបន់ ដែលបានឆ្លុះបញ្ចាំងពីតម្រូវការក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកល និងស៊ីគ្នាទៅនឹងបំណងប្រាថ្នារួមរបស់ប្រជាជាតិស្រឡាញ់សន្តិភាពទាំងអស់ចំពោះជីវិតកាន់តែប្រសើរ។ គូភាគីទាំងអស់គួរតែបន្តជំរុញការផ្លាស់ប្តូរវប្បធម៌ ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងពង្រឹងការសម្របសម្រួលក្នុងការឆ្លើយតបនឹងវិបត្តិផ្សេងៗ រួមជាមួយនឹងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និង ការអប់រំ ដើម្បីទទួលបាននូវលទ្ធផលជាវិជ្ជមានក្នុងការជួយពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក។ 

គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល បានផ្តោតលើកិច្ចសហប្រតិបត្តិការ ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម ជាជាងការប្រកួតប្រជែងគ្នា ដើរស្របគ្នាជាមួយពហុប៉ូលនិយម ដែលត្រូវបានចែកចេញជាបីទម្រង់ គឺពហុប៉ូលបែបប្រកួតប្រជែង ពហុប៉ូលបែបគ្រប់គ្រង និងពហុប៉ូលបែបសហប្រតិបត្តិការ ដោយចាត់ទុកទម្រង់ចុងក្រោយនេះជាទិសដៅដែលពិភពលោកចង់បាន។ ហើយការផ្លាស់ប្តូរនូវទស្សនៈថ្មី ដែលប្រទេសមហាអំណាចធំៗ គួរតែទទួលស្គាល់ភាពស្របច្បាប់ និងសិទ្ធិរបស់គ្នាទៅវិញទៅមក ព្រមទាំងសហការគ្នាដោះស្រាយបញ្ហាប្រឈមរួម ដូចជាការប្រែប្រួលអាកាសធាតុ និងបញ្ហាបទបញ្ជាបច្ចេកវិទ្យថ្មីៗដូចជាបញ្ញាសិប្បនិម្មិត គួរត្រូវបានធ្វើឡើង។

ដោយសារតែភាពសំខាន់នេះ ហើយទើបធ្វើឱ្យប្រទេសសាកលខាងត្បូងមានការគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល ដែលមិនមែនកើតចេញពីទំនាក់ទំនងទ្វេភាគីនឹងចិនតែមួយមុខនោះទេ ថែមទាំងកើតចេញពីការចាប់យកគំនិតស្នូលរបស់គំនិតផ្តួចផ្តើមនេះថាឆ្លើយតបផ្ទាល់នឹងតម្រូវការជាក់ស្តែងរបស់ពួកគេដូចជាការគោរពសមភាពអធិបតេយ្យភាព ការចូលរួមកែទម្រង់ស្ថាប័នអន្តរជាតិឱ្យស្មើភាព ការជ្រើសរើសគំរូអភិវឌ្ឍន៍​ដោយខ្លួនឯង ការភ្ជាប់គ្នារវាងសន្តិសុខ និងអភិវឌ្ឍន៍ ព្រមទាំងបំណងប្រាថ្នាចង់បានពិភពលោកពហុប៉ូលដែលផ្អែកលើកិច្ចសហប្រតិបត្តិការជាជាងការប្រកួតប្រជែង។ ក្នុងន័យនេះ គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល លេចចេញជាវេទិកាមួយដែលអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍជាច្រើន បញ្ចេញសំឡេងកាន់តែច្បាស់ក្នុងកិច្ចការអន្តរជាតិ  ខណៈពេលដែល​ដំណើរការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចសាកលទាំងមូល នៅតែជាដំណើរការវែងឆ្ងាយ និងមានភាពស្មុគស្មាញ៕

ដោយ៖ បណ្ឌិត គី សេរីវឌ្ឍន៍|ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

To Top