ព័ត៌មានជាតិ

ថ្ងៃចូលឆ្នាំខ្មែរ រាល់តម្លៃសេវាស្នាក់នៅ និងម្ហូបអាហារ ត្រូវសរសេរឲ្យច្បាស់ ជៀសវាងកំណត់ថ្លៃ ខ្ពស់ហួសហេតុ

ភ្នំពេញ ៖ ដើម្បីធានាសុវត្ថិភាព សុខភាពសាធារណៈ និងភាពពេញចិត្តសម្រាប់ភ្ញៀវទេសចរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រៃពៃណីជាតិ នឹងប្រារព្ធឡើងនាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ក្រសួងទេសចរណ៍ បានដាក់កំណត់ថា រាល់តម្លៃសេវាស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាង ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។

តាមសារាចរណ៍ណែនាំរបស់ក្រសួងនាថ្ងៃ២០ មីនា លោករដ្ឋមន្រ្តី ថោង ខុន បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរជំនាញ និងដៃគូពាក់ព័ន្ធរៀបចំឲ្យមានព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំ និងកម្មវិធីកម្សាន្តសប្បាយនានាតាមទំនៀមទម្លាប់ប្រពៃណី។ ដោយឡែក មន្ទីរទេសចរណ៍ខេត្តសៀមរាបត្រូវខិតខំសហការ ជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ។

លោកបន្ដថា ត្រូវបន្តជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ព្រមជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនភ្ញៀវទេសចរ។

លោករដ្ឋមន្ដ្រីថា «ត្រូវសហការជាមួយមន្ទីរពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយដល់អាជីវករ និងប្រតិបត្តិករទេសចរណ៍ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់តម្លៃសេវាស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាង ដោយដាក់ភាសាខ្មែរនៅខាងលើ និងភាសាបរទេសនៅខាងក្រោម ដើម្បីភ្ញៀវបានដឹងជាមុន និងជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។

លោក ថោង ខុន បានលើកឡើងទៀតថា ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីធ្វើការណែនាំម្ចាស់មូលដ្ឋានអាជីវកម្ម និងសេវាកម្មទេសចរណ៍ ពិសេសភោជនីយដ្ឋាន អាហារដ្ឋាន អ្នកលក់ដូរតាមដងផ្លូវ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអំពីសុវត្ថិភាពចំណីអាហារ និងការថែរក្សាអនាម័យ ដោយខិតខំលុបបំបាត់ការបោះសំរាម និងកាកសំណល់ផ្សេងៗ ជាពិសេសការបញ្ឈប់ការបោះចោលក្រដាសជូតមាត់ក្រៅធុង ឬក្រៅកន្ត្រកសំរាម និងត្រូវចាត់វិធានការតាមគ្រប់រូបភាព ដើម្បីធានាបានអនាម័យក្នុងភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក បង្គន់អនាម័យ ហើយបុគ្គលិកបម្រើការត្រូវមានឯកសណ្ឋានសមរម្យ៕

To Top