ព័ត៌មានជាតិ

មន្ត្រីជំនាញ ប.ស.ស. ចូលរួមសិក្ខាសាលា ពិគ្រោះយោបល់ នៅថៃ ស្តីពី “កិច្ចគាំពារសង្គម សម្រាប់បុគ្គលស្វ័យនិយោជន៍ នៅក្នុងតំបន់អាស៊ាន” 

ថៃ៖ ក្រោមការចាត់តាំងពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម លោក អ៊ុក សំអូន ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “កិច្ចគាំពារសង្គម សម្រាប់បុគ្គលស្វ័យនិយោជន៍នៅក្នុងតំបន់អាស៊ាន” នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។ 

សិក្ខាសាលាពិគ្រោះយោបល់ខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកគំនិតផ្តួចផ្តើមថ្មីៗ របស់រដ្ឋសមាជិកអាស៊ានពាក់ព័ន្ធនឹងការលើកកម្ពស់ កិច្ចគាំពារសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ និងបញ្ហាប្រឈម របស់ក្រុមគោលដៅក្នុងការចូលរួមកិច្ចសន្ទនាសង្គម ក៏ដូចជាប្រមូលនូវធាតុចូលពីសមាសភាពចូលរួមត្រីភាគី ដើម្បីរៀបចំជាអនុសាសន៍ ក្នុងការពង្រឹងការអនុវត្ត សេចក្តីថ្លែងការណ៍អាស៊ានស្តីពី ការពង្រឹងកិច្ចគាំពារសង្គម ព្រមទាំងកំណត់នូវទិសដៅអនុវត្តបន្ត សម្រាប់ការពង្រីកការគ្របដណ្តប់បុគ្គលស្វ័យនិយោជន៍ នាពេលអនាគត។ វេទិកានេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្ត ក្នុងការសម្រេចបាននូវចក្ខុវិស័យ គាំទ្រការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពី ការពង្រឹងកិច្ចគាំពារសង្គម និងផែនការការងារ នៃកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីការងារអាស៊ានឆ្នាំ២០២១-២០២៥។

សូមបញ្ជាក់ថា៖ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយអង្គការស្រ្តី ក្នុងការងារក្រៅប្រព័ន្ធ (WIEGO) និង អង្គការ ហូមណេតអាស៊ីអាគ្នេយ៍ (HNSEA) ដោយមានការចូលរួមដោយផ្ទាល់ ពីតំណាងនៃកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីការងារអាស៊ាន (SLOM), សមាគមសន្តិសុខសង្គមអាស៊ាន (ASSA), ក្រុមប្រឹក្សាសហជីព សេវានិយោជិតអាស៊ាន (ASETUC), លេខាធិការដ្ឋានអាស៊ាន, អង្គការដែលជាសមាជិកនៃបណ្តាញអង្គការ WIEGO, អង្គការអន្តរជាតិខាងការងារ (ILO), គណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN ESCAP), វេទិកាតុមូលអាស៊ីស្តីពី កិច្ចគាំពារសង្គម, និង អង្គការអន្តរជាតិអុកហ្វាម សរុបប្រមាណជាង ៥០នាក់៕

To Top