ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល នឹងរៀបចំឡើងវិញ នូវពិធីជួបជុំពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន របស់សាសនិកឥស្លាមកម្ពុជា ដោយអ្នកចូលរួមប្រមាណជាង ៦១០០នាក់ ហើយឆ្នាំនេះ ក៏មានមិត្តភក្ដិបរទេស និងលោក Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកចូលរួមផងដែរ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា សម្ដេច និងភរិយា សូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា នៅក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលនឹងចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣។
សម្ដេចតេជោ បានអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ សម្ដេច និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ជាមួយគ្នានេះដែរ បន្ទាប់ពីបានខកខានរយៈពេល ៣ឆ្នាំកន្លង មកដោយសារជំងឺកូវីដ-១៩ ឆ្នាំនេះរាជរដ្ឋាភិបាល នឹងរៀបចំឡើងវិញ នូវពិធីជួបជុំពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន របស់សាសនិកឥស្លាមកម្ពុជា ថ្នាក់ជាតិលើកទី៧ ឆ្នាំ២០២៣ ដែលមានការរៀបចំអ្នកចូលរួមប្រមាណជាង៦១០០នាក់។ ឆ្នាំនេះ ក៏មានមិត្តភក្ដិបរទេសបានមកចូលរួមក្នុងនិងក្រៅប្រទេសប្រមាណជាង ៥០០ នាក់ ពិសេសឯកឧត្ដម Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី មកចូលរួមផងដែរ»។
លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់បងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ ទោះបីកម្ពុជា ទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក៏ដោយ ក៏ សម្ដេច អំពាវនាវដល់បងប្អូន បន្តការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហេស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ បើទោះជាមានការថមថយ ធូរស្រាលហើយក៏ដោយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច៕