ព័ត៌មានជាតិ

គម្រោងផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់ធ្លាម្អម នឹងឲ្យប្រើប្រាស់ជាផ្លូវការ នៅខែមិថុនា

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងកំណាត់ផ្លូវ​ជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) នឹងរៀបចំពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

នាឱកាសអនុញ្ញាតឲ្យលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានថ្លែងថា «គម្រោងរៀបចំពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) និងពិធីបើកការដ្ឋានគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណ ទៅដល់ក្រុងប៉ោយប៉ែត គ្រោងនឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី៣ នៃខែមិថុនា ឲ្យបានមុនយុទ្ធនាការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ២០២៣»។

ចំណែកលោកស្រី Kamei Haruko បានលើកពីការអនុវត្តគម្រោងលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងភស្តុភារកម្មនៅកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានរបស់ JICA ដែលមានដូចជា គម្រោងធ្វើឲ្យប្រសើរឡើងវិញផ្លូវជាតិ​លេខ៥ គម្រោងសិក្សាចំណតផែកុងតឺន័រទឹកជ្រៅ នៅកំពង់ផែខេត្តព្រះសីហនុ និងគម្រោងសិក្សាផែនការមេភស្តុភារ​កម្មនៅកម្ពុជា ។

លោកស្រីថា ក្រសួងសាធារណការ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺជាដៃគូមិនអាចខ្វះបានក្នុងកិច្ចសហប្រតិបត្តិការ​កាន់តែស៊ីជម្រៅថែមទៀត ក្នុងការលើកកម្ពស់គុណភាព នៃការរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈការអភិវឌ្ឍវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន៕

To Top