ព័ត៌មានជាតិ

កម្ពុជា ក្លាយជា កោះសន្ដិភាព និងជាតំបន់ទេសចរណ៍ ប្រកបដោយប្រជាប្រិយភាព

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា ក្លាយជា «កោះសន្តិភាព» និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាព ខណៈពេលមុន កម្ពុជា ជាវាលពិឃាត និងជាតំបន់អសន្តិសុខ ដែលមានការភ័យខ្លាចគ្រប់ៗគ្នា។

នាឱកាសអញ្ជើញចូលរួមពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៧ រួមជាមួយ លោក Anwar Bin Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សុខសន្ដិភាព ដែលកម្ពុជាខិតខំរកបានដោយលំបាកនេះ បាននិងកំពុងខិតខំថែរក្សាការពារ ទោះបីក្នុងតម្លៃណាក៏ដោយ ហើយក្នុងសន្ដិភាពនេះ កំពុងផ្ដល់ផ្លៃផ្កាជាច្រើនដល់ប្រជាជនកម្ពុជាគ្រប់រូប រួមទាំងបងប្អូនសាសនិកខ្មែរឥស្លាមផងដែរ។

សម្ដេចតេជោ បានថ្លែងឲ្យដឹងថា «ជាក់ស្ដែងកម្ពុជាពីមុន ជាវាលពិឃាត ជាតំបន់អសន្តិសុខជាចម្ការមីន ដែលមានការភ័យខ្លាចគ្រប់គ្នា ឥឡូវនេះបានក្លាយជា កោះសន្តិភាព និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាព។ កម្ពុជាពីមុន ដែលជាប្រទេសអន់ថយខាងផ្នែកសេដ្ឋកិច្ចគ្របដណ្តប់ទៅដោយភាពក្រីក្រ និងមានអសន្តិសុខស្បៀង ឥឡូវនេះបានក្លាយជាប្រទេសនាំស្បៀងចេញ និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់»។

សម្ដេចតេជោ បន្ដថា កម្ពុជាពីមុន ដែលជាប្រទេសទទួលរងការហ៊ុមព័ទ្ធ និងឯកាទាំំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះបានក្លាយជាប្រទេសមួយ ដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និង និម្មាបនកម្មសកល និងជាប្រទេស ដែលកំពុងដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី លើកឡើងថា រាជរដ្ឋាភិបាលតែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនាក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិក-សាសនិកាគ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា និងការប្រឆាំងដាច់ខាតចំពោះការរើសអើងពូជសាសន៍ និង ជំនឿសាសនា។

សម្ដេច បន្ថែមថា ជាលទ្ធផលជម្លោះ ឬសង្រ្គាមសាសនាពុំធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្តទំនើបរបស់កម្ពុជានោះឡើយ ហើយកម្ពុជាត្រូវបានទទួលស្គាល់ និងទទួលបានការកោតសរសើរពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ ចំពោះសុខដុមភាពជំនឿសាសនា ដែលកម្ពុជាសម្រេចបាន ជាមួយនឹងការថែរក្សានូវចីរភាពនៃសុខដុមភាពដ៏ប្រពៃនេះ៕

To Top