ព័ត៌មានជាតិ

លោក ប៉ាវ ស៊ីណា ៖ Adidas ចាំបាច់ទទួលខុសត្រូវ ចំពោះការបាត់បង់ ផលប្រយោជន៍កម្មករ

ភ្នំពេញ ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានឲ្យដឹងថា ម្ចាស់យីហោ Adidas ត្រូវតែទទួលខុសត្រូវ ចំពោះកាតខាតបង់ ប្រយោជន៍ របស់កម្មករនិយោជិត ពីព្រោះក្រុមហ៊ុនដែលផ្គត់ផ្គង់ឲ្យ Adidas ជាផ្នែកមួយក្នុងការស្វែង រកប្រាក់ចំណេញ សម្រាប់ក្រុមហ៊ុនម៉ាកយីហោ ជាពិសេសកម្មករ ដែលជាកម្លាំងផលិតដ៏សំខាន់ សម្រាប់ក្រុមហ៊ុនក៏ដូចជាម្ចាស់ ម៉ាកយីហោមួយនេះ ។

បើតាមផេកផ្លូវការ របស់សម្ព័ន្ធសហជីពចលនាកម្មករដែលមាន លោក ប៉ាវ ស៊ីណាជាប្រធាន នាថ្ងៃ២៩មីនា បានឲ្យដឹងថា ប្រតិកម្មរបស់ លោកស៊ីណាធ្វើឡើង បន្ទាប់ពីសមាជិកសហជីព និងសកម្មជន បានរំខានដល់ព្រឹត្តិការណ៍ Adidas ជុំវិញប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរ នៅទីស្នាក់ការកណ្តាល Adidas នៃទីក្រុង Portland រដ្ឋ Oregonជាទីក្រុងសហជីព ហើយការលួចប្រាក់ឈ្នួលមិនត្រូវបានស្វាគមន៍នៅទីនេះទេ ។ ដោយលើកឡើងថា Pay Your Workers and Respect Labor Rights ថាក្រុមហ៊ុន Adidas ត្រូវទូទាត់ប្រាក់ឈ្នួល និងគោរពសិទ្ធិសេរីភាព ការងាររបស់កម្មករ។

សមាជិកសហជីព និង សកម្មជនបានរំខានដល់ប្រធាន Adidas North America លោក Rupert Campbell ដើម្បីនាំយកការទាមទារ របស់កម្មករកាត់ដេរដោយផ្ទាល់ទៅកាន់យីហោ ។ អស់រយៈពេលជាងមួយឆ្នាំហើយ ដែលក្រុមហ៊ុន Adidas បានបដិសេធមិនចរចាជាមួយកម្មករ ផលិតសម្លៀកបំពាក់របស់ខ្លួន ចំពោះការបាត់បង់ផល ប្រយោជន៍របស់ពួកគេ ។

លោក ប៉ាវ ស៊ីណា គូសបញ្ជាក់ថា “ដូច្នេះជាកាតព្វកិច្ចសង្គម ក្រុមហ៊ុនម៉ាកយីហោ ត្រូវតែទទួលខុសត្រូវចំពោះកាតខាតបង់របស់បងប្អូនកម្មករ មិនចំពោះតែក្នុងស្ថានភាពជំងឺរាតត្បាតនោះទេ ប៉ុន្ដែបើទោះជាស្ថិតក្នុងស្ថានភាពណាក៏ដោយ ប្រសិនបើប៉ះពាល់ ឬបាត់បង់ផលប្រយោជន៍របស់កម្មករ ក៏ដូចជាធ្វើឲ្យពួកគាត់ជួបប្រទះ នូវការខ្វះខាតផ្នែកហិរញ្ញវត្ថុ ដោយសារតែវិបត្ដិណាមួយកើតឡើងនោះ គឺជាការទទួលខុសត្រូវរបស់អ្នកបញ្ជា ទិញក្នុងការចូលរួមដោះស្រាយ ផលលំបាកនេះ”។

លោកបន្ដថា មិនចំពោះតែការចូលរួម នៅក្នុងការទទួលខុសត្រូវប៉ុណ្ណោះទេ ការគោរពសិទ្ធិកម្មករនិយោជិត និងការគោរពសិទ្ធិសេរីភាព របស់សហជីពដែលធានាដោយច្បាប់ជាតិ និងអន្ដរជាតិ ជារឿងបាច់ដែលម្ចាស់ម៉ាកទាំងអស់ ត្រូវតែបង្កើនការយកចិត្ដទុកដាក់ ជាពិសេសការធានាបានការ គោរពសិទ្ធិមនុស្ស។

លោកបន្ថែមថា ក្រុមហ៊ុន ក៏ដូចជាម្ចាស់ម៉ាកយីហោ មានកាតព្វកិច្ចធំទាំងការទទួលខុសត្រូវលើជីវភាពរស់នៅរបស់កម្មករ ក៏ដូចជាការលើកកម្ពស់ ការគោរពសិទ្ធិសេរីភាព សហជីព និងការគោរពសិទ្ធិមនុស្ស គឺជារឿងចាំបាច់បំផុត ដោយសារតែអ្នកទទួលផលប្រយោជន៍ធំ គឺក្រុមហ៊ុនបញ្ជាទិញ ទៅវិញនោះទេ ។

ជាមួយគ្នានោះដែរ ប្រធានសហជីពរូបនេះ បញ្ជាក់ទៀតថា ការបដិសេធមិនទទួលខុសត្រូវរបស់ក្រុមហ៊ុន Adidas ទៅលើការបាត់បង់ផល ប្រយោជន៍ របស់កម្មករដែលជាអ្នកផលិតឲ្យខ្លួន បង្ហាញឲ្យកាន់តែច្បាស់ ចំពោះការរំលោភសិទ្ធិមនុស្ស ដ៏ធ្ងន់ធ្ងរបំផុត ខណៈកម្មករពិតជាត្រូវការរស់នៅ ក្នុងស្ថានភាពដ៏លំបាកនេះ ជាពិសេស ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ដូច្នេះការមិនអើពើ ពីក្រុមហ៊ុនម្ចាស់ម៉ាកយីហោ បង្ហាញឲ្យឃើញការមិនទទួលខុស ត្រូវក្នុងកាតព្វកិច្ចសង្គម ជាពិសេសការរំលោភសិទ្ធិមនុស្សតែម្ដង ៕

To Top