ព័ត៌មានជាតិ

បទវិភាគ៖ ប្រឈមនឹងបញ្ហាសិទ្ធិមនុស្ស ដ៏ធ្ងន់ធ្ងររបស់ប្រទេសខ្លួន តើអ្នកនយោបាយអាមេរិកមានមុខមាត់អីមកនិយាយឆ្ការ ដៃឆ្ការជើងចំពោះប្រទេសដទៃ ?

និយាយចំពោះគ្រួសារ អាមេរិកជាច្រើន ថ្ងៃទី ២៧ ខែមីនាគឺជាថ្ងៃមួយដ៏សោកសៅបំផុត ។ នាព្រឹកថ្ងៃដដែលនេះ ករណីបាញ់ប្រហារមួយបានកើតឡើងនៅសាលាបឋមសិក្សាមួយនៅក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិកដែលបណ្តាលឱ្យកុមារឥតទោសពៃរ៍អាយុត្រឹម ៩ ឆ្នាំចំនួន ៣ នាក់និងមនុស្សពេញវ័យ ៣ នាក់ស្លាប់បាត់បង់ជីវិត ។ នេះគឺជាករណីបាញ់ប្រហារក្នុងសាលារៀនដ៏ធ្ងន់ធ្ងរបំផុតនៅសហរដ្ឋអាមេរិកបន្ទាប់ពីកើតមានករណីបាញ់ប្រហារនៅសាលាបឋមសិក្សា Robb រដ្ឋ Texas កាលពីខែឧសភា ឆ្នាំ ២០២២ មក ។

“ហេតុអ្វីបានជារឿងបែបនេះបានកើតឡើងម្តងហើយម្តងទៀត ? ហេតុអ្វីបានជាកូនៗរបស់យើងនៅតែស្លាប់បាត់បង់ជីវិត ?” នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅទីក្រុង Nashville នាថ្ងៃដដែលនោះ ស្ត្រីម្នាក់ដែលបាននៅរស់រានមានជីវិតពីករណីបាញ់ប្រហារមួយកាលពីឆ្នាំ ២០២២ បានចោទសួរត្រង់ៗដូចពោលខាងលើ ។ សិបុនអាក្រក់បានកើតឡើងម្តងហើយម្តងទៀត អាចនិយាយបានថា គឺមានបញ្ហាហើយ ។ កាលពីថ្ងៃទី ២៨ ខែមីនា រដ្ឋាភិបាលចិនបានចេញផ្សាយ«របាយការណ៍អំពីការរំលោភសិទ្ធិមនុស្សរបស់អាមេរិកឆ្នាំ ២០២២ »ដើម្បីលាតត្រដាងពីការពិតជាក់ស្តែងទៅកាន់ពិភពលោក ។

សូមបញ្ជាក់ថា របាយការណ៍ដែលប្រហែលមានអក្សរ ១ ម៉ឺន ៨ ពាន់តួនេះ ប្រើឧទាហរណ៍ស្រស់ៗនិងទិន្នន័យលម្អិតជាច្រើនដើម្បីរៀបរាប់ពីការពិតជាក់ស្តែងដែលថា សិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនអាមេរិកត្រូវបានមើលរំលងបន្ថែមទៀតក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ។ របាយការណ៍បានបង្ហាញថា សហរដ្ឋអាមេរិកជាប្រទេសដែលកើតមានករណីបាញ់ប្រហារនៅសាលារៀនញឹកញាប់បំផុតនៅលើពិភពលោក ហើយចំនួនការបាញ់ប្រហារក្នុងសាលារៀននៅអាមេរិកបានកើនឡើងដល់ ៣០២ ករណីដែលជាកំណត់ត្រាខ្ពស់បំផុតគិតតាំងពីឆ្នាំ ១៩៧០ មក ។ អ្នកជំនាញខាងហេតុការណ៍បាញ់ប្រហារនៅតាមសាលារៀនរបស់អាមេរិកបានថ្លែងទាំងដកដង្ហើមធំថា យុវជនអាមេរិកនាពេលបច្ចុប្បន្នបានក្លាយជា”ជំនាន់ដែលរងការបាញ់ប្រហារទ្រង់ទ្រាយធំ” ។

ពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋមិនអាចទទួលបានការធានា រហូតដល់ការបោះឆ្នោតបែបអាមេរិកបានក្លាយជាល្បែងរបស់អ្នកមានទ្រព្យ ពីការរើសអើងពូជសាសន៍មានសភាពកាន់តែធ្ងន់ធ្ងរឡើងៗរហូតដល់គម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែខ្លាំងឡើងៗថែមមួយកម្រិតទៀត ។ អ្វីទាំងអស់នេះបានធ្វើឱ្យការយល់ដឹងរបស់ប្រជាជនអាមេរិកចំពោះប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្នុងស្រុកបាក់រលំទាំងស្រុង ។

ហេតុអ្វីបានជាអ្នកផងទាំងពួងខកចិត្តយ៉ាងខ្លាំងជាទូទៅចំពោះប្រជាធិបតេយ្យនិងសិទ្ធិមនុស្សបែបអាមេរិក ? វាពាក់ព័ន្ធនឹងពាក្យគន្លឹះចំនួនពីរ ពោលគឺ ទីមួយ គឺលុយកាក់ ទីពីរ គឺការប្រកួតប្រជែងរវាងគណបក្ស ។ ទស្សនវដ្តី«Fortune»អាមេរិកបានចេញផ្សាយអត្ថបទឱ្យដឹងថា “វណ្ណៈអ្នកមានបំផុតដែលមានអត្រាប្រភាគតូចនៃចំនួនប្រជាជនអាចប្រើប្រាស់ឋានៈសេដ្ឋកិច្ចដ៏ខ្ពស់របស់ពួកគេដើម្បីជំរុញការដាក់ចេញគោលនយោបាយមួយចំនួនឱ្យបម្រើតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេជាអាទិភាព” ។

សូមងាកមកមើលការប្រកួតប្រជែងរវាងគណបក្ស ។ ក្នុងរយៈពេលជិត ៣០ ឆ្នាំចុងក្រោយនេះ អ្នកនយោបាយអាមេរិកដែលបម្រើផលប្រយោជន៍របស់ក្រុមមូលធនផ្តាច់មុខ មិនគ្រាន់តែបាត់បង់ឆន្ទៈអត្តនោម័តនិងសមត្ថភាពសត្យានុម័តក្នុងការឆ្លើយតបនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងគាំពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងក៏គ្មានសមត្ថភាពដោះស្រាយបញ្ហាជាមូលដ្ឋាន ដូចជា បញ្ហាសិទ្ធិមនុស្សជាដើម បែរជាប្រើសិទ្ធិមនុស្សជាអាវុធតាមតែទំនើងចិត្តទៅវាយប្រហារប្រទេសដទៃ ហើយបង្កភាពបដិបក្ខ បំបែកបំបាក់និងចលាចលនៅសហគមន៍អន្តរជាតិ ដែលបានក្លាយជាអ្នកបង្កការរារាំងដល់ការអភិវឌ្ឍសិទ្ធិមនុស្សសកល ។

ប្រឈមនឹងបញ្ហាសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ប្រទេសខ្លួន តើអ្នកនយោបាយអាមេរិកមានមុខមាត់អីមកនិយាយឆ្ការដៃឆ្ការជើងចំពោះប្រទេសដទៃ ?

To Top