ព័ត៌មានជាតិ

សម្ដេចតេជោ លុបអនុក្រឹត្យថ្មី ស្ដីពីអភិរក្សសត្វផ្សោត ដោយប្រើអនុក្រឹត្យចាស់វិញ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសម្រេចលុបអនុក្រឹត្យ ស្តីពីការអភិរក្សសត្វផ្សោត ចេញកាលពីខែកុម្ភៈ ឆ្នាំ២០២៣ តែជំនួសមកវិញនូវការប្រើអនុក្រឹត្យចាស់ដែលមិនអនុញ្ញាតឲ្យមងក្រឡាធំ ឬឧបករណ៍ឆក់។

នាឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល (ERA) នាថ្ងៃ២៧ មេសា សម្ដេចតេជោបានថ្លែងថា ពាក់ព័ន្ធទៅនឹងការអភិរក្សសត្វផ្សោតនេះ គឺសម្ដេច អនុញ្ញាតប្រើប្រាស់​អនុក្រឹត្យ កាលពីឆ្នាំ២០១២ វិញ។

សម្ដេចមានប្រសាសន៍ថា «ដើម្បីរក្សាសុវត្ថិភាពសម្រាប់សត្វផ្សោត និងការជៀសវាងប៉ះពាល់នូវផល​ប្រយោជន៍ប្រជាពល​ រដ្ឋរាប់ពាន់គ្រួសារ រាជរដ្ឋាភិបាល នឹងលុបអនុក្រឹត្យថ្មីចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ និងទុកឲ្យអនុវត្តអនុក្រឹត្យចាស់ ដែលចុះថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១២ ជាពិសេសត្រូវពង្រឹងការគ្រប់គ្រង មិនអនុញ្ញាតឲ្យប្រើប្រាស់នូវមងក្រឡាធំ និងការប្រើឧបករណ៍ឆក់ត្រី»។

សម្ដេច នាយករដ្ឋមន្ដ្រី បានលើកឡើងថា ការគិតគូរឡើងវិញពាក់ព័ន្ធអនុក្រឹត្យចាស់នេះ ក៏ចាត់ទុកជាការងារមួយថា ជាកិច្ចការកំណែទម្រង់មួយ ជាពិសេសការសម្រេចចិត្តប៉ះពាល់ប្រជាពលរដ្ឋ គឺត្រូវកែឡើងវិញ៕

To Top