ព័ត៌មានជាតិ

ក្រោយបទបញ្ជា នាយឧត្តមសេនីយ៍ សៅ សុខា មន្រ្តីចុះចាប់ឈើ បានច្រើន និងឃាត់ខ្លួន១២នាក់

ភ្នំពេញ ៖ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស ធនធានធម្មជាតិបានបង្ក្រាប និងរឹបអូសឈើបានច្រើន ព្រមទាំងឃាត់ខ្លួន អ្នកពាក់ព័ន្ធ១២នាក់ ប្រគល់ទៅមន្ត្រីរដ្ឋបាលព្រៃឈើ បន្តនីតិវិធី។

ការចុះបង្រ្កាបភ្លាមៗនេះ ដោយសារនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ស្រែកជាសំឡេង នាថ្ងៃ២៦ មេសា ពីការកក្រើកឡើងវិញ នូវបទល្មើសព្រៃឈើ ។ ដោយលោកថា “បើខ្មោចស្រុកនិងខ្មោចព្រៃ វាត្រូវគ្នា ទើបបទល្មើសព្រៃឈើ នៅតែកើតមានឡើង ។ បើមេព្រៃ មេស្រុក កម្លាំងប្រដាប់អាវុធនៅទីនោះ ស្តាប់បញ្ជារបស់សម្តេច ហើយចូលរួមទប់ស្កាត់ ដោយការអប់រំប្រជាជន ប្រើវិធានការរដ្ឋបាល ឃាត់ ផាក វាគ្មានអាណាចូល ទៅប្រព្រឹត្តបទល្មើសនោះទេ” ។

ដោយសារស្រែកបញ្ជាពីថ្នាក់លើបែបនេះ ទើបចាប់បានឈើប្រភេទលេខ១សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន៤រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្ដោងរ៉ឺម៉កចំនួន៧គ្រឿង គោយន្តកន្ត្រៃចំនួន១៣គ្រឿង ម៉ូតូចំនួន១គ្រឿង កៅឡាក់១៤គ្រាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅថ្ងៃ២៧ មេសា។

បទល្មើសភាគច្រើនកើត នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តកំពង់ធំ ៕

To Top