SEA GAME

លោក មាស សុភ័ណ្ឌ បកស្រាយករណីមិនអនុញ្ញាតឲ្យអ្នកថតរូប និងព័ត៌មានទាំងអស់ចូល ក្នុងថ្ងៃបើកសម្ពោធស៊ីហ្គេម

ភ្នំពេញ ៖ ដោយសារតែមានការរិះគន់ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌបានធ្វើការបកស្រាយចំពោះករណី មិនអនុញ្ញាតឲ្យក្រុមអ្នកថតរូប និងអ្នកព័ត៌មានចូលរួមក្នុង ព្រឹត្តិការណ៍បើកសម្ពោធកីឡាស៊ីហ្គេម នាល្ងាចថ្ងៃ៥ ឧសភានេះ ។ ការបកស្រាយនេះ លោកផ្តោតជាសំខាន់ថា ដោយសារតែកន្លែងមានកំណត់។

“ពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំសូមជម្រាបជូនថា គឺដោយសារចំនួនអ្នកសារព័ត៌មានច្រើន និងកន្លែងមាន កំណត់ ទើបមិនអាចអនុញ្ញាតជូនអ្នកសារព័ត៌មាន ទាំងអស់អាចចូលយកព័ត៌មាន និងផ្តិតយករូបភាព ក្នុងពិធីបើកនេះបាន តាមការចង់បានរបស់ពួកគាត់”។ នេះបើតាមលោក មាស សុភ័ណ្ឌ ប្រាប់មជ្ឈមណ្ឌលដើមអម្ពិលនារសៀលថ្ងៃ៥ ឧសភា មុនពេលប៉ុន្មានម៉ោងបើកសម្ពោធ ជាផ្លូវការកីឡាស៊ីហ្គេម ។

លោកបន្តថា ហេតុដូច្នេះហើយបានជាគណៈកម្មការព័ត៌មាន និងផ្សាយនៃគណៈកម្មការជាតិ CAMSOC បានអនុញ្ញាតឲ្យការីថតផ្លូវការ(Host Photographer) និងអ្នកសារព័ត៌មាន នៃប្រទេសសមាជិកបានចូលរួមចុះយកព័ត៌មាន និងផ្តិតយករូបភាពពិធីបើកបិទ នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣នេះ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកថា គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយបានអនុញ្ញាតឲ្យ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិអាចបើប្រាស់រូបភាពផ្សេងៗ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣នេះ របស់ខ្លួន (គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ)ដោយសេរី ក្នុងគោលដៅផ្សព្វផ្សាយកីឡានេះ ឲ្យកាន់តែទូលំទូលាយដល់ សាធារណៈជនទូទាំងកម្ពុជា និងលើឆាកអន្តរជាតិ ។

លោកឲ្យដឹងបន្តថា រូបភាពផ្សេងៗនៃព្រឹត្តិការណ៍នេះ អ្នកសារព័ត៌មានអាចទំនាក់ទំនង នៅមណ្ឌលព័ត៌មានកណ្តាល (Main Press Center – MPC)។ សម្រាប់ការកំណត់ចំនួនបែបនេះ មិនមែនជាករណីដោយឡែកតែកម្ពុជានោះទេ។ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ក៏សូមការសហការ និងយោគយល់ពីអ្នកសារព័ត៌មានទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ស៊ីហ្គេមនេះ ប្រព្រឹត្តិទៅដោយជោគជ័យ ដើម្បីលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិកម្ពុជារបស់ទាំងអស់គ្នា។

ក្រុមអ្នកថតរូបមកពីស្ថាប័នព័ត៌មាននានានៅកម្ពុជា បានម្តែងការខកចិត្តយ៉ាងខ្លាំង ព្រោះមិនបានចូលរួមផ្តិតរូបភាព ក្នុងព្រឹត្តិការណ៍បើកការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងត្រូវរៀបចំធ្វើនៅល្ងាចថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕

To Top