ភ្នំពេញ៖ មេដឹកនាំអាស៊ាន បានអះអាងជាថ្មីនូវការប្តេជ្ញា ចំពោះការអនុវត្តដោយពេញលេញ និងប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ អាសឹប ក្នុងគ្រប់ទិដ្ឋភាពផងដែរ។
ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ នៅក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ មេដឹកនាំអាស៊ាន បានស្វាគមន៍សមិទ្ធផលសេដ្ឋកិច្ច ជាអាទិភាពរបស់ឥណ្ឌូណេស៊ី និងគំនិតផ្តួចផ្តើមក្រោមភាពជា ប្រធានអាស៊ានរបស់ខ្លួន រួមមាន៖១-ការស្តារនិងការកសាងឡើងវិញ ,២-សេដ្ឋកិច្ចឌីជីថល និង៣-ចីរភាព ដើម្បីដោះស្រាយការប្រឈមបន្ទាន់នានា ក្នុងការធានានូវការស្តារនិងការកសាងឡើងវិញរបស់តំបន់ និងជំរុញសន្ទុះបន្ថែមទៀត សម្រាប់អាស៊ានដែលជាស្នូលនៃកំណើន តាមរយៈសមាហរណកម្មសេដ្ឋកិច្ចឌីជីថល ដែលប្រកបដោយបរិយាប័ន្ន កំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព ស្ថិរភាពហិរញ្ញវត្ថុ ថាមពល និងសន្តិសុខស្បៀងអាហារ ព្រមទាំងពន្លឿនការអនុវត្តទស្សនវិស័យ ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
មេដឹកនាំអាស៊ាន ក៏បានអះអាងជាថ្មីថា «ប្តេជ្ញាចំពោះការអនុវត្តដោយ ពេញលេញនិងប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (អាសឹប) ក្នុងគ្រប់ទិដ្ឋភាព ព្រមទាំងការបង្កើតលេខាធិការដ្ឋានអាសឹប បណ្តោះអាសន្នជាអង្គភាពគាំទ្រ នៅលេខាធិការដ្ឋានអាស៊ាន ដែលនឹងអាចប្រែក្លាយជាលេខាធិការដ្ឋាន អាសឹបដាច់ដោយឡែក ដើម្បីពង្រឹងចង្វាក់ផ្គត់ផ្គង់តំបន់ និងរួមចំណែកដល់របៀបវារៈ សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក៏ដូចជារក្សានូវមជ្ឈភាពអាស៊ាន នៅក្នុងអាក្លឹប»។
ចំពោះ សហគមន៍សង្គម-វប្បធម៌អាស៊ាន ប្តេជ្ញាធ្វើឲ្យអាស៊ានក្លាយជាចំណុចស្នូលនៃកំណើន តាមរយៈការបង្កើនការវិនិយោគក្នុងការអភិវឌ្ឍ ធនធានមនុស្សកាន់តែមានភាព ប្រកួតប្រជែងនិងមុតស្រួច ឆ្ពោះទៅរកអនាគតនៃការងារ និងត្រៀមខ្លួនរួចជាស្រេចចំពោះ ការវិវឌ្ឍឌីជីថលដ៏លឿនរហ័ស។ មេដឹកនាំអាស៊ាន ក៏បានបញ្ជាក់ជាថ្មីនូវការបន្តគាំទ្រចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់មីយ៉ាន់ម៉ា ក្នុងការនាំមកនូវសន្តិភាព និងភាពសុខដុមរមនា ក្នុងចំណោមសហគមន៍នានាដែលពាក់ព័ន្ធ និងដើម្បីលើកកម្ពស់ការ អភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពក្នុងរដ្ឋរ៉ាឃីន ៕