ព័ត៌មានអន្តរជាតិ

ប្រភព៖ មេដឹកនាំអាស៊ាន នឹងរួមគ្នាបញ្ចុះបញ្ចូល​ ឧត្តមសេនីយ៍ Min Min Hlaing ឱ្យបញ្ចប់អំពើហិង្សា

បរទេស៖ មេដឹកនាំអាស៊ាន នៅថ្ងៃសៅរ៍នេះនឹងព្យាយាម ដើម្បីបញ្ចុះបញ្ចូល យោធាមីយ៉ាន់ម៉ា (ភូមា) ឱ្យបញ្ចប់អំពើហឹង្សា និងផ្តល់ជំនួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជាអន្តរជាតិលើកដំបូង ដើម្បីបន្ធូរបន្ថយវិបត្តិ នៅក្នុងប្រទេស។

ប្រភពការទូតចំនួនពីរ បានប្រាប់ រ៉យទ័រថា បណ្តាមេដឹកនាំនឹងជួបគ្នា នៅពីក្រោយការបិទទ្វារ នៅឯកិច្ចប្រជុំកំពូល នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក្នុងក្តីសង្ឃឹមជំរុញ ឱ្យមានការពិភាក្សា ដោយស្មោះត្រង់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ និងអ្នកការទូត នៅក្នុងប្រទេសម្ចាស់ផ្ទះ បាននិយាយថា ឧត្តមសេនីយ៍ Min Min Hlaing ប្រមុខរបបយោធាមីយ៉ាន់ម៉ា ដែលបានបណ្តេញ រដ្ឋាភិបាលស៊ីវិល នៅថ្ងៃទី ១ ខែកុម្ភៈទំនងជាចូលរួម។

ប្រទេសនៅតំបន់ អាស៊ីអាគ្នេយ៍មួយនេះ បានជួបវិបត្តិចាប់តាំង ពីរដ្ឋប្រហារ ដែលបណ្តាលឱ្យមាន ការតវ៉ាស្ទើរតែរាល់ថ្ងៃ និងការបង្ក្រាបដោយរបបយោធា ដែលក្នុងនោះមនុស្សរាប់រយនាក់ ត្រូវបានសម្លាប់។

ប្រភពបាននិយាយថា គំនិតផ្តួចផ្តើមនានា ដែលអាស៊ានបានពិចារណារួម មានការផ្អាកអំពើហឹង្សា ដើម្បីអនុញ្ញាតឱ្យមានការ ផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត និងស្បៀងអាហារ ទៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការតែងតាំង ប្រេសិតពិសេស ដើម្បីជំរុញការសន្ទនា រវាងរបបយោធា និងគូប្រជែងរបស់ខ្លួន នៅក្នុងរដ្ឋាភិបាល បង្រួបបង្រួមជាតិ។

ពួកគេបានបន្ថែមទៀតថា គ្មានប្រទេសណាក្រៅពីអាស៊ាន នឹងមានវត្តមាន នៅក្នុងកិច្ចពិភាក្សានោះទេ ទោះបីជាប្រទេសខ្លះ ដែលចូលរួមនិងប្រេសិតពិសេស របស់អង្គការ សហប្រជាជាតិ Christine Schraner Burgener នឹងចូលរួមកិច្ចប្រជុំ នៅខាងក្រៅព្រឹត្តិការណ៍នេះ ក៏ដោយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top