Feature

សហភាពអឺរ៉ុប​ សន្យាបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្រជាង ៤២​ លានបារ៉ែល

ព្រុចសែល៖​ លោក Dan Jorgensen ស្នងការអឺរ៉ុបទទួលបន្ទុកផ្នែកថាមពល និងលំនៅឋាន បានឧ្យដឹងថា បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប បានសន្យាពន្លឿនការបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្រចំនួន ៤២,៦ លានបារ៉ែល ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយក្នុងនោះជិតពាក់កណ្តាលគឺជាប្រេងម៉ាស៊ូត។

រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកថាមពលនៃសហភាពអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងលុចសំបួ ដើម្បីពិភាក្សាអំពីសន្តិសុខថាមពលមុនឈានចូលរដូវរងា តម្លៃថាមពល និងវិធានការនានាដើម្បីរក្សាលំនឹងនៃការផ្គត់ផ្គង់ប្រេងម៉ាស៊ូត។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ លោក Jorgensen បានបញ្ជាក់ឡើងវិញថា ប្រទេសសមាជិកសហភាពអឺរ៉ុបពាក់ព័ន្ធ បានប្តេជ្ញាចិត្តក្នុងការជំរុញការបញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្រចំនួន ៤២,៦ លានបារ៉ែល។

លោកបានព្រមានថា សហភាពអឺរ៉ុបនឹងជួបប្រទះនឹងរដូវរងាដ៏លំបាកមួយ។ 

ទោះបីជាលោកមិនរំពឹងថា​ មានបញ្ហាទាក់ទងនឹងសន្តិសុខនៃការផ្គត់ផ្គង់ថាមពលក្នុងពេលបច្ចុប្បន្ននេះក៏ដោយ ប៉ុន្តែលោកបានទទួលស្គាល់ថា ស្ថានភាពនេះនៅតែជាបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងការបង់ថ្លៃថាមពល។

តម្លៃប្រេងម៉ាស៊ូតនៅទូទាំងសហភាពអឺរ៉ុបនៅតែមានកម្រិតខ្ពស់។ យោងតាមរបាយការណ៍ប្រេងប្រចាំសប្តាហ៍ចុងក្រោយរបស់គណៈកម្មការអឺរ៉ុប តម្លៃលក់រាយប្រេងម៉ាស៊ូតជាមធ្យមនៅក្នុងសហភាពអឺរ៉ុប​ មានតម្លៃប្រហែល ២,១៥ អឺរ៉ូ (ប្រហែល ២,៤ ដុល្លារអាមេរិក) ក្នុងមួយលីត្រ នៅថ្ងៃទី ២៦ ខែតុលា ដែលកើនឡើងប្រហែល ៣៥ ភាគរយ បើធៀបនឹងចុងខែកុម្ភៈ មុនពេលផ្ទុះជម្លោះនៅតំបន់មជ្ឈិមបូព៌ា៕

To Top