Feature

សម្ព័ន្ធមិត្តណាតូ ព្រួយបារម្ភថា លោក ត្រាំ នឹងពន្យារពេលការបញ្ជូនមីស៊ីល Patriot ទៅកាន់អ៊ុយក្រែន

បរទេស៖​ បណ្តាប្រទេសសម្ព័ន្ធមិត្តអង្គការណាតូ កាន់តែមានក្តីបារម្ភ​ និងអស់សង្ឃឹមថា អ៊ុយក្រែន​ នឹងមិនទទួលបានមីស៊ីលស្ទាក់ចាប់ប្រភេទ Patriot ដែលផលិតនៅសហរដ្ឋអាមេរិក​ ដែលជាអ្វីដែលអ៊ុយក្រែនកំពុងត្រូវការយ៉ាងខ្លាំង​ មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក​ ដែលនឹងមកដល់នៅសប្តាហ៍ក្រោយ។ 

ស្ថានភាពនេះកើតឡើងចំពេលដែលមានការសង្ស័យថា ប្រធានាធិបតីអាមេរិកលោក​ ដូណាល់ ត្រាំ កំពុងប្រើប្រាស់ជំនួយយោធាជាឧបករណ៍​ ដើម្បីដាក់សម្ពាធលើទីក្រុងគៀវ ឱ្យយល់ព្រមធ្វើការសម្បទានមួយចំនួន។

ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី បានថ្លែងថា ប្រទេសរបស់លោកកំពុងរង់ចាំរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth អនុម័តលើការបញ្ជូនមីស៊ីលស្ទាក់ចាប់បន្ថែម។ 

ទោះជាយ៉ាងណាក៏ដោយ ប្រភពពីអង្គការណាតូ បានប្រាប់សារព័ត៌មាន Euronews ថា ស្ថានភាពនេះនៅតែ «មិនអាចប៉ាន់ស្មានបាន» ដោយសារបណ្តាប្រទេសសម្ព័ន្ធមិត្តមិនទាន់ច្បាស់លាស់ថា តើប្រព័ន្ធទាំងនេះនឹងត្រូវបានផ្តល់ឱ្យដែរឬទេ ហើយនឹងទៅដល់អ៊ុយក្រែននៅពេលណា។

ភាពមិនច្បាស់លាស់នេះកើតឡើងក្នុងពេលដែលប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន កំពុងជួបការលំបាកក្នុងការទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី ខណៈដែលស្តុកមីស៊ីលស្ទាក់ចាប់របស់សហរដ្ឋអាមេរិក ក៏កំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងផងដែរ ដោយសារសង្គ្រាមដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top