គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំសំណេះសំណាលជាមួយឥស្សរជនក្រៅបក្សក្រោមអធិបតីភាពលោក Xi Jinping
កាលពីថ្ងៃទី២១ខែសីហាឆ្នាំ២០២៦ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំសំណេះសំណាលនៅទីស្តីការរដ្ឋ Zhongnanhaiដើម្បីស្តាប់មតិយោបល់និងសំណើរបស់តំណាងមជ្ឈិមបក្សប្រជាធិបតេយ្យនានា អ្នកទទួលខុសត្រូវនៃសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេស និងតំណាងឥស្សរជនដែលមិនចូលគណបក្សអំពី«ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»។
លោក Xi Jinping អគ្គលេខាធិការបក្សបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំព្រមទាំងថ្លែងសុន្ទរកថាគន្លឹះដោយគូសបញ្ជាក់ថា ការធ្វើអភិបាលកិច្ចជាតិចាំបាច់ត្រូវតែធ្វើអភិបាលកិច្ចបក្សជាមុនសិន ការពង្រឹងប្រទេសឱ្យខ្លាំងក្លាចាំបាច់ត្រូវតែពង្រឹងបក្សឱ្យខ្លាំងក្លាជាមុនសិន។ យើងត្រូវបង្កើនអារម្មណ៍ព្រួយបារម្ភនិងនឹងគិតពីហានិភ័យនៅពេលមានភាពសុខសាន្ត ខណៈបក្សកាន់អំណាចកាន់តែយូរ ប្រទេសជាតិស្ថិតក្នុងសន្តិភាពកាន់តែយូរ និងបរិយាកាសកាន់តែស្មុគស្មាញ។ យើងត្រូវជំរុញយ៉ាងខ្ជាប់ខ្ជួននូវការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវភាពដឹកនាំស្នូលដ៏រឹងមាំរបស់បក្សកុម្មុយនីស្តចិនក្នុងការកសាងបុព្វហេតុសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសចិន។
លោក Xi Jinping បានលើកឡើងថា កាលពីខែកុម្ភៈឆ្នាំ២០២៦នេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានប្រគល់សិទ្ធិឱ្យក្រសួងរណសិរ្សរួបរួមមជ្ឈិមស្នើសុំមតិយោបល់របស់ឥស្សរជនក្រៅបក្សអំពីប្រធានបទសម្រាប់ពិភាក្សានៃកិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ហើយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននឹងសិក្សាស្រាវជ្រាវដោយផ្ចិតផ្ចង់។ លោកបានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនថ្លែងអំណរគុណចំពោះតំណាងគ្រប់រូប៕
