ក្រសួងសុខាភិបាល និងអង្គការស្បៀងនៃUN រួមគ្នាបង្កើនសុវត្ថិភាពចំណីអាហារ
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UN) បង្កើនសុវត្ថិភាពចំណីអាហារ ពង្រឹងសុវត្ថិភាពប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ។

ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម សាស្ត្រាចារ្យ ឈាង រ៉ាស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ FAO ក្រោមការដឹកនាំរបស់ លោកស្រី Rebekah Bell ក្នុងអំឡុងអាណត្តិ (២០២២–២០២៦) បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រយ៉ាងសកម្មដល់វិស័យសុខាភិបាលកម្ពុជា ។

លោកស្រីតំណាងអង្គការ FAO បានថ្លែងអំណរគុណចំពោះ សាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលតែងតែផ្តល់អាទិភាពខ្ពស់លើកិច្ចសហការអន្តរវិស័យ ជាពិសេសការអនុវត្តវិធីសាស្ត្រ «សុខភាពតែមួយ» (One Health)។ លោកស្រីបានជម្រាបជូនពីគម្រោងនៃកិច្ចសហប្រតិបត្តិការរបស់អង្គការ FAO ដែលពាក់ព័ន្ធនិងវិស័យសុខាភិបាលរួមមាន៖សុខភាពតែមួយ ទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងរវាងសត្វនិងមនុស្ស និងការប្រយុទ្ធនឹងភាពស៊ាំឱសថ (AMR)។ សុវត្ថិភាពចំណីអាហារ ពង្រឹងសុវត្ថិភាពប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ ការអនុវត្ត និងតម្រង់ទិស ក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេស ។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងជោគជ័យនៃបេសកកម្ម របស់លោកស្រីតំណាងក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់អង្គការ FAO។ ជាមួយគ្នានេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានស្នើឱ្យអង្គការ FAO បន្តសហការរៀបចំសារអប់រំលើការបរិភោគអាហារត្រឹមត្រូវ ដើម្បីផ្លាស់ប្តូរឥរិយាបថប្រចាំថ្ងៃ ព្រមទាំងស្វាគមន៍រាល់គំនិតផ្តួចផ្តើមសិក្សាស្រាវជ្រាវថ្មីៗ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីជាផលប្រយោជន៍ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា៕


