ព័ត៌មានជាតិ

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំសហការជាមួយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺតាមបែបបុរាណចិននិងចាក់ម្ជុលវិទ្យាសាស្ត្រដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានសហការជាមួយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រៀបចំកម្មវិធីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺតាមបែបឱសថបុរាណចិន និងបច្ចេកទេសចាក់ម្ជុលវិទ្យាសាស្ត្រដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យជំនាញជនជាតិចិន។

ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពី លោកវេជ្ជបណ្ឌិត តាន់ សុគន្ធ ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ លោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ព្រមទាំងតំណាងក្រុមគ្រូពេទ្យជំនាញជនជាតិចិន និងមន្ត្រីសុខាភិបាលពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការរវាងស្ថាប័នសុខាភិបាលទាំងពីរ ដើម្បីជួយបង្កើនសមត្ថភាពផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជារួនចំណែកកាត់បន្ថយការចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅទីឆ្ងាយ។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត តាន់ សុគន្ធ បានបញ្ជាក់ថា ការផ្តល់សេវានេះគឺជាឱកាសសម្រាប់ប្រជាពលរដ្ឋបានជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ទទួលការពិនិត្យសុខភាព និងស្វែងយល់អំពីវិធីសាស្ត្រថែទាំសុខភាពឱ្យបានត្រឹមត្រូវ។

បន្ទាប់ពីពិធីសំណេះសំណាល ក្រុមគ្រូពេទ្យជំនាញជនជាតិចិនបានផ្ដល់សេវាព្យាបាលផ្តោតលើបញ្ហាឈឺក្បាលជាប្រចាំ ស្ពឹកដៃជើង ស្ពឹកមួយចំហៀងខ្លួន ឈឺសន្លាក់ និងបញ្ហាដេកមិនលក់ តាមរយៈបច្ចេកទេសឱសថបុរាណចិន និងការចាក់ម្ជុលវិទ្យាសាស្ត្រ។ ក្រៅពីនេះ ក្រុមគ្រូពេទ្យក៏បានពិនិត្យជំងឺទឹកនោមផ្អែមដោយប្រើប្រាស់ឧបករណ៍ទំនើប ព្រមទាំងមានសេវាពិនិត្យភ្នែក និងចែកវ៉ែនតាដោយឥតគិតថ្លៃផងដែរ។

អត្ថបទដោយ៖ គង្គា/ត្បូងឃ្មុំ/ដើមអម្ពិល

To Top