Feature

ក្រសួងសុខាភិបាល និងស្ថានទូតឥណ្ឌូណេស៊ីបន្តពង្រឹងប្រតិបត្តិការក្នុងវិស័យសុខាភិបាល

ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងស្ថានទូតឥណ្ឌូណេស៊ី បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល និងផ្លាស់ប្តូរទស្សនៈលើកិច្ចការសុខភាពសកល ។

ក្នុងឱកាសអនុញ្ញាតឱ្យលោក Krishnajie Partadireja ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល វាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព និងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឥណ្ឌូណេស៊ី ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី អាស៊ាន និងពហុភាគី ដែលបានរួមចំណែកដល់ការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាព បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកគ្រប់គ្រងសុខាភិបាល សុខភាពសាធារណៈ និងសេវាមន្ទីរពេទ្យ ការពង្រឹងសន្តិសុខសុខភាព ការត្រៀមខ្លួន និងឆ្លើយតបនឹងជំងឺឆ្លង ព្រមទាំងការចែករំលែកបទពិសោធន៍ផ្នែកសុខាភិបាលឌីជីថល និងប្រព័ន្ធព័ត៌មានសុខាភិបាល។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកភារធារីស្តីទី និងគណៈប្រតិភូ ដែលបានចូលរួមផ្លាស់ប្តូរមតិយោបល់ប្រកបដោយភាពស្ថាបនា និងបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ី ក្នុងវិស័យសុខាភិបាល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ៕

To Top